ក្នុងដំណើរបំពេញបេសកកម្ម នៅប្រទេសវៀតណាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជានកម្ពុជា បានដឹកនាំគណប្រតិភូគណបក្សប្រជាជនកម្ពុជាចូលជួបសម្តែងការគួរសម និងអបអរសាទរលោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម នៅទីក្រុងហាណូយ កាលរសៀលថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦។
ក្នុងឱកាសនោះលោក តូ ឡឹម បានគោរពថ្លែងអំណរគុណដល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះសារអបអរសាទរចំពោះភាពជោគជ័យនៃសមាជជាតិលើកទី១៤។
លោកបានសម្តែងការកោតសរសើរជាពិសេសចំពោះ សម្តេចម៉ែន សំអន ដែលបានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា មកកាន់ប្រទេសវៀតណាម ដើម្បីអបអរសាទរដោយផ្ទាល់ ដោយហៅដំណើរទស្សនកិច្ចនេះថាជាការបង្ហាញយ៉ាងច្បាស់នៃមិត្តភាពប្រពៃណី និងសាមគ្គីភាពជិតស្និទ្ធរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ។
លោកបានកត់សម្គាល់ថា សមាជបក្សលើកទី១៤ គឺជាការចាប់ផ្តើមនៃយុគសម័យអភិវឌ្ឍន៍ថ្មីមួយសម្រាប់ប្រទេសវៀតណាម ក្រោមបាវចនា «សាមគ្គីភាព ប្រជាធិបតេយ្យ វិន័យ វឌ្ឍនភាព និងការអភិវឌ្ឍ»។ លោកមានប្រសាសន៍ថា សមាជនេះ បានបង្ហាញពីឆន្ទៈដ៏មុតមាំ ឯកភាពជាតិ និងសេចក្តីប្រាថ្នារបស់ប្រទេសវៀតណាម ក្នុងការកសាងប្រទេសមួយប្រកបដោយសន្តិភាព ឯករាជ្យ វិបុលភាព និងសុភមង្គល ខណៈពេលដែលកំពុងកំណត់គោលដៅ និងចក្ខុវិស័យជាតិរយៈពេលវែង។
ជាការឆ្លើយតប សម្តេច ម៉ែន សំអន បានអបអរសាទរចំពោះភាពជោគជ័យនៃសមាជបក្សលើកទី១៤ របស់វៀតណាម និងបានអបអរសាទរចំពោះលោក តូ ឡឹម ត្រូវបានជ្រើសតាំងឡើងវិញជាអគ្គលេខាធិការនៃកិច្ចប្រជុំពេញអង្គលើកទី១ នៃគណៈកម្មាធិការកណ្តាលបក្ស នីតិកាលទី១៤។
ទន្ទឹមគ្នានេះ សម្តេចអនុប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរសមិទ្ធផលយ៉ាងទូលំទូលាយរបស់ប្រទេសវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក តូ ឡឹម ដោយលើកឡើងពីកំណែទម្រង់រដ្ឋបាល ភាពជោគជ័យនៃសេចក្តីសម្រេចរបស់សមាជបក្សលើកទី១៣ កំណើនសេដ្ឋកិច្ចរឹងមាំ និងការកែលម្អស្តង់ដារជីវភាព៕



