កម្ពុជា នឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព តាមការអញ្ជើញរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក

កម្ពុជា នឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព តាមការអញ្ជើញជាផ្លូវការរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដើម្បីបង្ហាញសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល។ នេះបើតាមការគូសបញ្ជាក់របស់សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានបទឈប់បាញ់ កម្ពុជា-ថៃ និងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ “សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ” កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ សម្តេចបានបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទី​ក្រុងគូឡាឡាំពួឱ្យបានខ្ជាប់ខ្ជួន និងប្រកាន់យកការដោះ​ស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីសម្រេចបាននូវព្រំដែនសន្ដិភាព និងយូរអង្វែង។

ជាមួយនឹងជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអាមេរិក នឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត សម្តេចបវរធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការចូលចតនៃនាវាជើងទឹកសហរដ្ឋអាម៉េរិកនៅកម្ពុជា នាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។

ក្នុងឱកាសនៃជំនួបនេះដែរ ឯកឧត្តម នាយឧត្តមនាវី Samuel Paparo បានថ្លែងអំណរគុណ និងសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបសម្តេចបវរធិបតីជាថ្មីម្តងទៀត ក្នុងដំណើរបំពេញទស្សនកិច្ចលើកទី២ នៅកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិកចូលចតនៅមូលដ្ឋានសមុទ្ររាម ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងយោធាកាន់តែ​ស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ឯកឧត្តម បន្តថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួនិង​បានគូសបញ្ជាក់ពីសារៈ​សំខាន់ប្រកបដោយការស្ថាបនា​នៃតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ហើយ សហរដ្ឋអាម៉េរិកបន្តគាំទ្រដល់ការបន្តយន្តការ AOT ព្រមទាំងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែង និងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា «ក្រុមប្រឹក្សាសន្តិភាព» ដែលឯកឧត្តម ដូណាល់ ត្រាំ បានស្នើឡើង គឺដើម្បីដោះស្រាយ ជម្លោះ រក្សាស្ថិរភាព និងសុខសន្តិភាពយូរអង្វែងនៅលើពិភពលោក ។ ដំបូងឡើយក្រុមប្រឹក្សានេះត្រូវបានបង្កើតឡើង ដើម្បីអនុវត្តផែនការសន្តិភាព ២០ចំណុច សម្រាប់តំបន់ហ្គាហ្សា ប៉ុន្តែចាប់តាំងពីពេលនោះមក វិសាលភាពរបស់វាក៏ត្រូវបានពង្រីកកាន់តែធំ។ សមាជិកក្រុមប្រឹក្សានេះ នឹងត្រូវបម្រើការក្នុងអាណត្តិ៣ឆ្នាំ ដែលអាចបន្តបាន ដោយមានអាសនៈអចិន្ត្រៃយ៍សម្រាប់ប្រទេសណាដែលបរិច្ចាគថវិកាចំនួន១ពាន់លានដុល្លារ៕

5
Promotion