ធនាគារជាតិ បង្ហាញអំពីកិច្ចការពារផលប្រយោជន៍អតិថិជនរបស់ធនាគារឯកជននៅកម្ពុជា

កាលពីឆ្នាំ២០២៥កន្លងនេះ ធនាគារជាតិនៃកម្ពុជា បានទទួលបណ្តឹងនិងការសាកសួរព័ត៌មានសរុបចំនួន ៧២១ ករណី ក្នុងនោះបណ្ដឹងចំនួន ៦៨៣ករណី ត្រូវបានដោះស្រាយរួចរាល់ បណ្ដឹងចំនួន១២ ករណីទៀត កំពុងត្រូវបានដោះស្រាយ និងបណ្តឹងចំនួន ២៦ ករណីផ្សេងទៀត ស្ថិតក្នុងនីតិវិធីតុលាការ។ 

បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា, បណ្ដឹងនិងការសាកសួរព័ត៌មានទាំងនេះ ពាក់ព័ន្ធនឹងទី១ ការពិន័យលើការបង់ផ្តាច់ឥណទានមុនកាលកំណត់។ ទី២ ការស្នើសុំរៀបចំឥណទានឡើងវិញ។ ទី៣ កម្ចីខុសច្បាប់។ ទី៤ ការឆបោកផ្នែកហិរញ្ញវត្ថុ។ ទី៥ ការស្នើសុំអនុគ្រោះលក្ខខណ្ឌទូទាត់។ ទី៦ ការស្នើសុំដំណើរការគណនីដែលបានបង្កក។ ទី៧ ការដកប្រាក់បញ្ញើពីគ្រឹះស្ថានដែលត្រូវបាន ដកហូតអាជ្ញាប័ណ្ណ។ ទី៨ ការស្នើសុំកែតម្រូវព័ត៌មានក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន និង ទី៩ ការយឺតយ៉ាវក្នុងការដកទ្រព្យធានា។ 

គួរឲ្យដឹងថា បន្ទាប់ពីធនាគារព្រីនស៍ ម.ក របស់លោក ចេន ហ្ស៊ី ត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់នៃកម្ពុជា កាលពីថ្ងៃទី៨មករាឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជាបានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍។ ក្រុមហ៊ុនម៉ូរីសុនកាក់ នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើ រាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា កាលពីឆ្នាំ២០២៥កន្លង ធនាគារជាតិបានជួបប្រជុំជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់របស់គ្រឹះស្ថាន ជាបន្តបន្ទាប់ ដើម្បីពិភាក្សាអំពីស្ថានភាពនៃអាជីវកម្ម គុណភាពឥណទាន ការដោះស្រាយឥណទាន មិនដំណើរការ យុទ្ធសាស្ត្រអាជីវកម្ម និងស្ថានភាពឥណទានចំពោះវិស័យអចលនទ្រព្យជាដើម។ លើសពីនេះទៀត ធនាគារជាតិ បានចុះត្រួតពិនិត្យដល់ទីកន្លែងចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួល ប្រាក់បញ្ញើចំនួន ៨ ដោយបានវាយតម្លៃផ្តោតទៅលើគុណភាពឥណទាន រួមទាំង ការធ្វើចំណាត់ ថ្នាក់ឥណទាន ការធ្វើសំវិធានធនលើអ៊ុមកែរមិន និងការរៀបចំឥណទានឡើងវិញ លើការងារអភិបាលកិច្ច ប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការ ការត្រួតពិនិត្យលើការអនុវត្តតាមអនុសាសន៍ ដែលបានដាក់ចេញ និង ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕

5
Promotion