កន្លងផុតទៅអស់ពេលជាង៧ឆ្នាំហើយ តារាសម្តែងនិងចម្រៀងលោក យូ ឌីស្កូ មិនដែលត្អូញត្អែរ ឬរំលឹកពីជីវិតដ៏កម្សត់របស់ខ្លួននៅពេលដែលទៅវះកាត់ផ្លាស់ប្តូរក្រលៀននៅលើទឹកដីប្រទេស ឥណ្ឌា តែម្នាក់ឯងឡើយ ដោយឡែកនៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៦ នេះ ស្រាប់តែលោកបង្ហាញរូបភាពក៏ដូចជាអារម្មណ៍កំសត់ឯកោរ នៅពេលដែលខ្លួនសម្រាកព្យាបាលជំងឺតែម្នាក់ ធ្វើឱ្យមិត្តសិល្បករក៏ដូចជាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ។

លោក យូ ឌីស្កូ ធ្លាប់បានផ្តល់បទសម្ភាសន៍ជាច្រើនដងរួចមកហើយថា ពេលនេះស្ថានភាពសុខភាពរបស់លោកបានល្អប្រសើរ និងអាចរស់នៅដូចមនុស្សធម្មតាបាន គ្រាន់តែលោកត្រូវប្រយ័ត្នប្រយ័ត្ននៅក្នុងការញុំាអាហារ និងការរស់នៅ ត្រូវមើលថែសុខភាពឱ្យបានល្អ ដើម្បីអាចរស់នៅបានយូអង្វែង ។
កន្លងមកលោក យូ ឌីស្កូ ក៏មិនធ្លាប់បង្ហាញពីរូបភាពដែលខ្លួនសម្រាកព្យាបាលជំងឺនៅប្រទេស ឥណ្ឌា ដែរ ពីព្រោះលោកមិនចង់ឱ្យមហាជនបានឃើញរូបភាពដែលមិនល្អក្នុងអំឡុងពេលដែលលោកព្យាបាលឡើយ ទើបតែថ្មីៗនេះលោកបានបង្ហោះរូបភាពរួមជាមួយសារដ៏សែនកំសត់ ។ តាមរយៈសារនិងរូបភាពនោះលោក យូ ឌីស្កូ បានរៀបរាប់ថា « ជីវិតមកព្យាបាលជម្ងឺម្នាក់ឯងនៅប្រទេស ឥណ្ឌា ពិតជាកំសត់ខ្លួនណាស់ » ។
បន្ទាប់ពីឃើញរូបភាពនិងសារនោះហើយ ធ្វើឱ្យទស្សនិកជនជាច្រើនគិតថា លោក យូ ឌីស្កូ ប្រហែលជាជំងឺរើឡើងវិញហើយមើលទៅ ។
មកទល់ពេលនេះមានរយៈជាង៧ឆ្នាំមកហើយដែលតារាសម្តែងនិងច្រៀងលោក យូ ឌីស្កូ បានវះកាត់ប្តូរក្រលៀន ។ លោក យូ ឌីស្កូ បានបញ្ជាក់ប្រាប់ថា ពេលនេះសុខភាពលោកល្អធម្មតាទេ គ្រាន់តែលោកចង់បង្ហាញនូវអារម្មណ៍ពិតខ្លះ ដើម្បីឱ្យធូរចិត្តធូអារម្មណ៍ ។ សូមបងប្អូនប្រយ័ត្នប្រយ័ត្ន និងមើលថែសុខភាពឱ្យបានល្អ ដើម្បីកុំឱ្យមានវិប្បដិសារីដូចជារូបលោក ៕





