មេបក្ស Fair Party រិះគន់ការចាក់សំឡេងខ្មោចរំខានរបស់ថៃនៅតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

មេដឹកនាំគណបក្ស Fair Party របស់ថៃ លោក Kannavee Suebsaeng បានរិះគន់សកម្មភាពចាក់សំឡេងខ្មោច និងសម្លេងរំខានផ្សេងៗរបស់ភាគីថៃ នៅឯតំបន់ព្រំប្រទល់ជាប់ជាមួយប្រទេសកម្ពុជា គឺតំបន់ភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

 យោងតាមសារព័ត៌មានថៃ Khaosod បានចុះផ្សាយដោយដកស្រង់សម្តីលោក Kannavee Suebsaeng នៅថ្ងៃអង្គារ ទី១៤ ខែតុលានេះបាននិយាយថា លោកមិនយល់ស្របឡើយ ជាមួយសកម្មភាពណាមួយ ដែលរំលោភបំពានសិទ្ធិមនុស្ស និង ជាន់ឈ្លីសេចក្តីថ្លៃថ្នូររបស់មនុស្ស ដូចជាការចាក់សំឡេងខ្មោច ដើម្បីកម្លាចនិងរំខាននៅតំបន់ព្រំដែនជាមួយកម្ពុជា។ 

លោកលើកឡើងថា ភាគីថៃគួរតែត្រឡប់ទៅគោរពកិច្ចព្រមព្រៀងឈប់បាញ់ ១៣ចំណុច ហើយប្រើប្រាស់វេទិកាអន្តរជាតិឱ្យមានប្រសិទ្ធភាព។ 

បើតាមមេដឹកនាំគណបក្ស Fair Party លោកមិនគាំទ្រទេចំពោះការដែលភាគីថៃ ធ្វើសកម្មភាពណាមួយ ដែលអាចបង្កហេតុជាមួយភាគីកម្ពុជា។ ទន្ទឹមជាមួយគ្នានេះលោកបានចាត់ទុក ទង្វើចាក់សំឡេងខ្មោច គឺជាទង្វើមិនសមរម្យសោះឡើយ ហើយទទូចឱ្យរដ្ឋាភិបាលនិងយោធាថៃចាំបាច់ត្រូវតែឈប់គាំទ្រការប្រព្រឹត្តសកម្មភាពបែបនេះ៕