ក្នុងមួយឆ្នាំៗតារាកំប្លែង អ្នកនាង សុខ ចាន់ធីតា ហៅ កាតុ អាចរកប្រាក់ចំណូលបានច្រើនគួរសមពីអាជីពច្រៀងការ ដោយឡែកថ្មីៗនេះនាងបានត្អូញត្អែរថា បានបាត់ចំណូលច្រើនពីអាជីពនេះបើធៀបទៅនិងឆ្នាំមុនៗ ។

ដូចមហាជនបានដឹងស្រាប់ហើយថា ក្នុងរដូវរៀបការម្តងៗតារាកំប្លែង កាតុ ដើរច្រៀងកាត់សក់ការក្នុងមួយថ្ងៃៗចាប់ពីពីរោងទៅបីរោងស្ទើរតែរកពេលវេលាសម្រាកគ្មាន ចម្លែកអ្វីតែឆ្នាំនេះមិនសូវមានគេហៅកាត់សក់ច្រៀងការដូចកាលពីមុនសោះ ។ ជួបជាមួយតារាកំប្លែងអ្នកនាង កាតុ កាលពីពេលថ្មីៗនេះនាងបានបញ្ជាក់ប្រាប់ថា ការងារច្រៀងការឥឡូវស្ងាត់ណាស់ ប្រហែលជាវិប្បត្តិសេដ្ឋកិច្ច ធ្វើឱ្យគ្រប់គ្នាមិនហ៊ានរៀបការហើយមើលទៅ តែទោះជាយ៉ាងណានាងក៏បានងាកមកធ្វើការងារផ្សេងទៀតដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ។

ខណៈពេលដែលការងារមិនសូវមហាញឹកដូចមុនតារាកំប្លែងអ្នកនាង កាតុ បានទៅហាងកែសម្ផស្សមួយកន្លែង វះកាត់សម្រកខ្លាញ់ក្បាលពោះ ដើម្បីបានរាងស្អាត គាប់ចិត្តស្វាមី ។ អ្នកនាង កាតុ បាននិយាយដោយមិនលាក់បាំងថា ធម្មតាអាយុយើងច្រើនហើយ ត្រូវកែសម្ផស្សខ្លះ ដើម្បីឱ្យកាន់តែស្រស់ស្អាត គាប់ចិត្តស្វាមីផង និងគាប់ចិត្តខ្លួនឯងផង ។ សម័យនេះហើយទៅខ្លាចអីក្នុងការបង្ហាញប្រាប់សាធារណជនបានដឹងថាយើងកែសម្ផស្សនោះ ជាក់ស្តែងថ្មីៗនេះនាងបានទៅវះកាត់បូមខ្លាញ់ក្បាលពោះចេញដើម្បីទទួលបានរាងស្អាតដូចកាលពីមុនមកវិញ សុខភាពរបស់នាងពេលនេះបានល្អប្រសើរច្រើនហើយ អាចបំពេញការងារគ្រប់បែបយ៉ាងបានទាំងអស់ ។

ស្ថិតក្នុងវ័យ៤៦ឆ្នាំតារាកំប្លែង កាតុ កំពុងបណ្តុះបណ្តាលកូនស្រីឱ្យដើរតាមគន្លងរបស់ខ្លួន ពីព្រោះនាងមានដុងខាងសិល្បៈដូចជាម្តាយខ្លួនផងដែរ តែទោះជាយ៉ាងណាអ្នកនាង កាតុ ចង់ឱ្យកូនស្រីរៀនសូត្រឱ្យបានជ្រៅជ្រះជាមុនសិន ៕


