ផ្លូវចិត្តចាប់ផ្តើមល្អប្រសើរឡើងវិញបន្ទាប់ពីបាត់បង់កូននៅក្នុងផ្ទៃ សុភ័ក្រ្ត កុសុម៉ា ចាប់ផ្តើមពង្រឹងការងារនិងចេញកើបលុយ ។

មួយរយៈពេលមុន សុភ័ក្រ្ត កុសុម៉ា ជួបរឿងមិនសប្បាយចិត្តព្រោះត្រូវបានបង់កូនក្នុងផ្ទៃជាទីស្រឡាញ់របស់ខ្លួន រហូតនាងទម្លាក់ការងារចោលទាំងអស់ នាងបានពួនសំងំនៅតែក្នុងផ្ទះ មិនចង់ធ្វើអ្វីឬជួបមនុស្សប្លែកមុខឡើយ សូម្បីតែលើហ្វេសប៊ុករបស់នាងក៏មិនមានសកម្មភាពអ្វីបង្ហាញអ្នកគាំទ្រដែរ ។ ដោយឡែកថ្មីៗនេះ សុភ័ក្រ្ត កុសុម៉ា ស្រាប់តែប្រកាសថា ផ្លូវចិត្តរបស់នាងរឹងមាំឡើងវិញហើយ ។
ជាមួយនិងការប្រកាសនេះ សុភ័ក្រ្ត កុសុម៉ា ក៏បានវិលត្រឡប់មកឆាកវិស័យសិល្បៈឡើងវិញដែរ ដោយនាងបានដឹកនាំក្រុមតន្រ្តីរបស់ខ្លួនបំពេញការងារដូចដើម
មូលហេតុដែលផ្លូវចិត្ត សុភ័ក្រ្ត កុសុម៉ា ចាប់ផ្តើមល្អប្រសើរបែបនេះដោយសារតែទទួលបានការស្រឡាញ់ថ្នាក់ថ្នមនិងយល់ចិត្តខ្លាំងពីស្វាមីបណ្តូលចិត្ត ព្រមទាំងមានការលើកទឹកចិត្តពីមិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រច្រើន ។ សុភ័ក្រ្ត កុសុម៉ា ថែមទាំងបាននិយាយទៅកាន់អ្នកកាំទ្ររបស់ខ្លួនថា កុសុម៉ា បានត្រឡប់មកវិញហើយ សុខភាពផ្លូវចិត្តនាងក៏ល្អប្រសើរច្រើន នាងត្រូវធ្វើការងារជាច្រើន បន្ទាប់ពីទុកចោលមួយរយៈ ក្រុមតន្រ្តីនាងមិនអាចខ្វះនាងបានឡើយ ។
គ្រាន់តែប្រកាសថាវិលត្រឡប់មកកាន់ក្បាលមេក្រូឡើងវិញ សុភ័ក្រ្ត កុសុម៉ា ទទួលបានការងារថ្មីៗជាបន្តបន្ទាប់ នាងពិតជារីករាយជាមួយសមិទ្ធផលដែលខ្លួនបានខំប្រឹងប្រែងនេះខ្លាំងណាស់ ។ ចំពោះរឿងកូនចៅ សុភ័ក្រ្ត កុសុម៉ា នៅតែមានបំណងចង់បានកូនជាបន្តទៀត ប៉ុន្តែពេលនេះនាងសុំថែទាំសុខភាពឱ្យល្អជាមុនសិន ៕




