ប្រទេសចិនតាមរយៈបេសកជនពិសេសរបស់ខ្លួន បានបន្តជំរុញឱ្យកម្ពុជានិងថៃបញ្ចប់សង្រ្គាម ដោយសង្កត់ធ្ងន់ថា អាទិភាពចម្បងបំផុតនាពេលនេះ គឺភាគីទាំងពីរ ត្រូវឯកភាពគ្នាលើបទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធគ្នាឱ្យបានឆាប់តាមតែអាច ទៅរួច ហើយបន្តកិច្ចសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែធ្នូនេះ បេសកជនពិសេសចិនទទួលបន្ទុកកិច្ចការនៅអាស៉ី លោក Deng Xijun បាននិយាយថា ចិនគាំទ្រកិច្ចប្រឹងប្រែងសម្រុះសម្រួលរបស់អាស៊ាន ហើយមានឆន្ទៈជាថ្មីម្តងទៀត ជួយបង្កើតឱកាសនិងផ្តល់ជា វេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ។
សម្រាបជូនថា ប្រេសិតពិសេសចិន លោក Deng បានបំពេញបេសកកម្មការទូតរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា និងថៃ កាលពីចុងសប្តាហ៍កន្លងទៅ នឹងបានជួបជាមួយមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ ដើម្បីស្វែងរកការសម្រុះសម្រួលបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន ក្រោយទាហានថៃវាយប្រហារសារជាថ្មីមុន ដែលគិតត្រឹមថ្ងៃទី២៣ធ្នូនេះគឺបានអូសបន្លាយពេលអស់ ១៧ថ្ងៃមកហើយដែលជះផលប៉ះពាល់ដល់តំបន់ និងជនស៊ីវិលកម្ពុជា៕




