Online Scam! ទូតចិនកោតសរសើរកម្ពុជាមានផែនការច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំង​ និងអាចលុបបំបាត់ឧក្រិដ្ឋកម្មនេះបានជាដាច់ខាត

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម Wang Wenbin បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានសហការក្នុងការចាប់ខ្លួន និងបញ្ជូនមេខ្លោងជនជាតិចិន និងគូកន ត្រលប់ទៅប្រទេសចិន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងផ្តន្ទាទោស។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះជាសក្ខីកម្ម សបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាលទ្ធផលជាក់ស្តែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅកាន់សហគមន៍អន្តរជាតិ ហើយវាក៏សបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងសមត្ថកិច្ចកម្ពុជា និងចិនផងដែរ។

ឯកឧត្តមក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាមានផែនការច្បាស់លាស់ ធ្វើឱ្យអន្តរជាតិមានជំនឿចិត្តថា កម្ពុជាមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសង្ឃឹមថា អាចលុបបំបាត់ឧក្រិដ្ឋកម្មនេះបានជាដាច់ខាត។ ឯកឧត្តម មានជំនឿជឿជាក់លើការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចការនេះប្រកបដោយប្រសិទ្ធភាព ហើយភាគីចិន រីករាយ និងត្រៀមខ្លួនជានិច្ច ក្នុងការធ្វើកិច្ចសហការ និងផ្តល់ការគាំទ្រដល់កម្ពុជា ដើម្បីសម្រេចគោលដៅបង្ក្រាប និងបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីប្រទេសកម្ពុជា។ 

ការលើកឡើងរបស់ឯកឧត្តម Wang Wenbin ក្នុងពេលជួបជាមួយឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិនលើគ្រប់វិស័យនិយាយជារួម និងដោយឡែកកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មានភាពជិតស្និទ្ធ និងទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ។ ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានជំហររឹងមាំ និងជាក់លាក់ក្នុងការដាក់វិធានការបង្ក្រាប និងបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការអនុវត្តនីតិវិធីលើមេក្លោង និងគូកន។ ទន្ទឹមនេះ កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ជាដៃគូ ដើម្បីបន្តធ្វើការរួមគ្នាអនុវត្តប្រតិបត្តិការបង្ក្រាបប្រកបដោយសង្គតិភាព សំដៅធ្វើយ៉ាងណាកាត់ក្បាល និងបំបែកសម្បុកក្រុមឧក្រិដ្ឋជនឱ្យដល់ឬសគល់។   

គួររម្លឹកថា ក្នុងប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ក្នុងរយៈពេល មួយសប្តាហ៍ចុងក្រោយនេះ ចាប់ពីចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាបសរុបបាន ៤ទីតាំង នៅរាជធានីភ្នំពេញ ចំនួន២កន្លែង  និងខេត្តបាត់ដំបង២កន្លែង ឃាត់ខ្លួនជនសង្ស័យសរុប ១២៣នាក់(ស្រី្ត៩នាក់) ក្នុងនោះជនជាតិចិន ៤៦នាក់(ស្រី្ត ៤នាក់)  ស្ត្រីជនជាតិឡាវ ១នាក់, ឥណ្ឌា ៣៦នាក់(ស្រី្ត ៤នាក់), បង់ក្លាដេស ១៣នាក់ និងប៉ាគីស្ថាន ២៧នាក់។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

5
Promotion