តារាសម្តែង នៅ សុនិតា ទទួលបានឱកាសលើកទី២ពីស្វាមី !

តារាសម្តែង នៅ សុនិតា ទទួលបានឱកាសល្អជាលើកទី២ពីស្វាមី បន្ទាប់ពីខកខាននៅក្នុងវិស័យសម្តែងអស់ពេលជាច្រើនឆ្នាំ ។ 

ដូចដែលមហាជនបានដឹងស្រាប់ហើយថា បន្ទាប់ពីរៀបការមានគ្រួសារនិងកូន នៅ សុនិតា ផ្តាច់ខ្លួនពីសិល្បៈទាំងស្រុងដើម្បីធ្វើជាស្រ្តីមេផ្ទះ និងធ្វើការងារសង្គមវិញ ។ ដោយឡែកកាលពីអំឡុងខែ ឧសភា ឆ្នាំ ២០២៥ តារាសម្តែង នៅ សុនិតា បានមានវត្តមានជាថ្មីនៅក្នុងរឿង « អំពើអ្នកជិតខាង » របស់ផលិតកម្ម LD ។ នាពេលនោះនាងធ្លាប់បានបញ្ជាក់ប្រាប់ថា មុននឹងទទួលថតរឿងឡើងវិញ នាងបានស្នើសុំស្វាមីជាច្រើនលើកច្រើនសារ ទំរាំតែស្វាមីអនុញាតិឱ្យនាងចូលថតភាពយន្តវិញគឺមិនមែនជារឿងងាយស្រួលឡើយ តែទោះជាយ៉ាងណាបន្ទាប់ពីស្នាដៃទី១ដែលមានចំណងជើងថា « អំពោះអ្នកជិតខាង » ទទួលបានការចាប់អារម្មណ៍ នាងក៏មានឱកាសជាលើកទី២ដើម្បីសម្តែងជាថ្មីម្តងទៀតដែរ ។ ពេលនេះនាងកំពុងថតរឿងថ្មីដែលមានចំណងជើងថា « សោកនាដកម្មភ្នំខ្មោច » របស់ផលិតកម្ម LD ដដែល ។ 

តារាសម្តែង នៅ សុនិតា បាននិយាយថា « ដឹងថាអំឡុងពេលដែលមានស្វាមីហើយ គឺខ្ញុំលែងទទួលថតរឿងហើយ តែសម្រាប់រឿងប្រវត្តិសាស្រ្តមួយនេះខ្ញុំទទួលថតដោយឥតអល់អែក នាងខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានធនធានទាំងអស់សូមចូលរួមចំណែក ក្នុងការកក់សំបុត្រទុកជាមុន ដើម្បីចែកដល់បុគ្គលិក និង FanFan ព្រោះភាពយន្តប្រវត្តិសាស្ត្រមួយនេះ ត្រូវការចំណាយដើមទុនច្រើន ដើម្បីឱ្យទទួលបាននូវគុណភាពខ្ពស់មិនចាញ់កុនបរទេសនោះទេ ។ ខ្ញុំបានទៅថតផ្ទាល់មើលឃើញអំពីក្រុមការងារ ការរៀបចំឧបករណ៍ផ្សេងៗ សម្រិតសម្រាំងមិនឱ្យប្រាស់ចាកអ្វីដែលជាការពិតនោះឡើយ ខ្ញុំមានមោទនភាពដែលវត្តមាននាងខ្ញុំក្នុងខ្សែភាពយន្តប្រវត្តិសាស្រ្តមួយនេះ ខ្ញុំមានតែការលើកទឹកចិត្តបងប្រុស សូមបងតស៊ូ បន្តទៀត ក្តីសង្ឃឹមរបស់បង និងជំនះមកនូវភាពជោគជ័យនៅក្នុងពេលឆាប់ៗនេះ »។

តាមពិត នៅ សុនិតា មិនមានគម្រោងនឹងថតភាពយន្តបន្តទៀតទេ ដោយសារមានការជម្រុះពីលោក លៀក លីដា ដែលជាម្ចាស់ផលិតកម្ម LD ព្រមទាំងទទួលបានការអនុញាតិពីស្វាមីផង ផងទើបនាងហ៊ានទទួលថតរឿងនេះដោយក្តីរីករាយ ។ 

នៅ សុនិតា បានសារភាពថា លោក លៀក លីដា ជាអ្នកទៅសុំស្វាមីនាងផ្ទាល់ ដើម្បីឱ្យនាងមានឱកាសបានចូលសម្តែងក្នុងវិស័យភាពយន្តឡើងវិញ នាងរំពឹងថា ការវិលត្រឡប់របស់នាងនៅតែមានការស្រឡាញ់ គាំទ្រពីសំណាក់ទស្សនិកជន ៕

5
Promotion