បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅកម្ពុជា ផ្នែកតំបន់ទំនាបកណ្ដាលខាងត្បូង តំបន់ខ្ពង់រាប តំបន់ជួរភ្នំ តំបន់សមុទ្រ និងមាត់សមុទ្រ សីតុណ្ហភាពមានការចុះត្រជាក់ ហើយមានបាតុភូតចុះអ័ព្ទ។ បាតុភូតនេះនឹងមានឥទ្ធិពលខ្លាំងនៅពេលយប់ និងពេលព្រឹក ប៉ុន្តែវានឹងរលាយបាត់ទៅវិញនៅម៉ោង ៩៖០០ព្រឹក។
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសចុះអ័ព្ទនេះ ដើម្បីជៀសវាងពីបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ខណៈបាតុភូតចុះអ័ព្ទនេះ អាចមានការរំខានដល់អ្នកធ្វើដំណើរ ដែលនាំឱ្យមានការលំបាកក្នុង ការមើលឃើញពីចម្ងាយ។
អ័ព្ទ (Fog) និងអ័ព្ទផ្សែង (Haze) មានលក្ខណៈខុសគ្នា ខណៈមានការយល់ច្រឡំថា ការចុះអ័ព្ទនេះ ជាបញ្ហាគុណភាពខ្យល់ និងមានផលប៉ះពាល់សុខភាពសាធារណៈ។ ក្រសួងបរិស្ថានបានពន្យល់ថា អ័ព្ទ និងអ័ព្ទផ្សែង ខុសគ្នាតាំងពីប្រភព សមាសធាតុ រយៈពេល និងផលប៉ះពាល់។ អ័ព្ទ ជាបាតុភូតធម្មជាតិដែលភាគច្រើនគ្មានគ្រោះថ្នាក់ ខណៈអ័ព្ទផ្សែង ជាលទ្ធផលនៃការបំពុលខ្យល់ដែលបណ្តាលមកពីសកម្មភាពមនុស្ស និងមានគ្រោះថ្នាក់ដល់សុខភាព និងសង្គម។ ការយល់ដឹងពីភាពខុសគ្នានេះជួយឲ្យប្រជាពលរដ្ឋអាចការពារខ្លួនបានល្អប្រសើរ និងជំរុញឱ្យមានវិធានការកាត់បន្ថយការបំពុលខ្យល់ ដើម្បីធានាបរិយាកាសស្អាត និងជីវិតមានគុណភាពល្អសម្រាប់មនុស្សទាំងអស់។
តែយ៉ាងណា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រសួងបរិស្ថានអះអាងថា គុណភាពខ្យល់តាមបណ្តារាជធានីខេត្តនានា ស្ថិតក្នុងកម្រិតពណ៌ខៀវ និងបៃតង ដែលមានន័យថា មានគុណភាពល្អ លើកលែងតែពណ៌លឿង គឺគុណភាពខ្យល់មធ្យម មានខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប៕





