រយៈពេលជាង៣០០ថ្ងៃ ក្រោយការអញ្ជើញទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានណែនាំដាក់យុទ្ធសាស្ត្រ ផែនការ កែលម្អតំបន់ខ្នងផ្សារឱ្យប្រែក្លាយជាតំបន់ទេសចរណ៍យ៉ាងទាក់ទាញ។ រហូតមកទល់ពេលនេះ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្រេចបានលទ្ធផលរួចរាល់១០០%។
កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន ចូលរួមពិនិត្យមើសមិទ្ធផលថ្មីនៃគម្រោងគោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ និងរៀបចំផែនការអភិវឌ្ឍន៍ ផ្លូវឡើងភ្នំ និងតំបន់នៅលើភ្នំខ្នងផ្សារ ។ ក្នុងដំណើទស្សនកិច្ចនៅតំបន់ភ្នំខ្នងផ្សារ នាពេលនេះ ក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងប្រតិភូក្រសួងជាច្រើននាក់ តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើងផងដែរ។
ប្រតិភូបានអញ្ជើញចូលរួមដាំដើឈើ«សន្តិភាព» នៅក្លោងទ្វាចូល ដំណាក់ដំរី ចំណុចជើងភ្នំ មុនឡើងទៅលើភ្នំខ្នងផ្សារ។ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីរ រួមជាមួយអ្នកចូលរួមទាំងអស់ បានធ្វើដំណើរឡើងភ្នំដោយថ្មើជើង ចាប់ពីដំណាក់ដំរី ឆ្លងកាត់ដំណាក់នីមួយៗ ដែលបានសាងសង់រួចរាល់ ជាមួយកន្លែងអង្គុយសម្រាកលម្ហែដ៏ស្រស់ស្អាត អ្នកទេសចរណ៍អាចស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ គយគន់ទេសភាពធម្មជាតិ រុក្ខជាតិ ផ្កាព្រៃជាដើម។ ជាមួយគ្នានេះ គម្រោងបានដាក់ស្លាកព័ត៌មាន ដែលបង្ហាញពីចម្ងាយផ្លូវ និងសារៈប្រយោជន៍នៃការឡើងភ្នំចំពោះសុខភាព នៅតាមកន្លែងសម្រាកនីមួយៗថែមទៀត។
ក្រសួងបរិស្ថាន បានឱ្យដឹងថា រហូតមកទល់ពេលនេះ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្រេចបានលទ្ធផលរួចរាល់១០០% រួមមានការសាងសង់ក្លោងទ្វារឡើងភ្នំ កន្លែងដំណាក់ដំរី ការសាងសង់បន្ទប់ទឹកស្អាត កន្លែងចតឡាន ម៉ូតូ សួនច្បារ ការដាំដើមឈើចម្រុះ រួមជាមួយហាងកាហ្វេ ផ្សារសហគមន៍ ស្នាក់ការផ្តល់ព័ត៌មានសម្រាប់ទេសចរណ៍លើភ្នំ និងបន្ទប់សង្គ្រោះបឋម សម្រេចបានរួចរាល់១០០%ផងដែរ។
ដោយឡែកការសាងសង់ផ្លូវ ប្រវែង ៧,២ គ.ម ទទឹងប្រវែង៨ម ចាប់ពីវត្តតាំងបំពង់ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ របស់ក្រសួងអភិវឌ្ឍន៍ជន បានរៀបចំចាក់ដី និងក្រាលគ្រួសស្អាតរួចរាល់ ដែលលបានសម្រួលការធ្វើដំណើរងាយស្រួលផងដែរ។ ការធ្វើដំណើរឡើងភ្នំខ្នងផ្សារដោយថ្មើជើង មានចំងាយជាង៤គម និងចំណាយពេលប្រមាណ៤ម៉ោង ទើបធ្វើដំណើរ ដល់កន្លែងបោះតង់ តំបន់លើខ្នងភ្នំ៕





