ប្រធានព្រឹទ្ធសភាអ៊ីស្លាមប៉ាគីស្ថាន នឹងជួបឥស្សរជនកំពូលៗនៅកម្ពុជា 

លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ការអញ្ជើញរបស់ប្រតិភូអ៊ីស្លាមប៉ាគីស្ថាន នាព្រឹកថ្ងៃចន្ទ ទី២ ខែកុម្ភៈនេះ ដែលអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីលោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ព្រមទាំងជួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជួបសម្ដែងការគួរសមចំពោះ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

បើតាមនាយកដ្ឋានព័ត៌មាននៃព្រឹទ្ធសភា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានព្រឹទ្ធសភាប៉ាគីស្ថាននៅកម្ពុជា នឹងជំរុញការរឹតចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធ និងជាពិសេស រួមចំណែកដល់ការលើកកម្ពស់របៀបវារៈការទូតសភារបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោប្រធានព្រឹទ្ធសភាការកសាងនិងរក្សាសន្តិភាព ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

5
Promotion