បីជាបទចម្រៀង « Pop Out » របស់លោក N.John បានចេញជាច្រើនខែមកហើយក្តី បទចម្រៀងនេះនៅតែពេញនិយមនិងមានអ្នកយកទៅរាំតាមជាហូរហែ ជាពិសេសប៉ុន្មានថ្ងៃនេះក្រុមតារាស្រីកូរ៉េ K-pop Babymonster ក៏បានយកបទចម្រៀងនេះទៅរាំតាម ធ្វើឱ្យផ្ទុះពេញបណ្តាញសង្គម ។

N.John គឺជាកូនប្រុសទី២របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលបានចេញទៅសិក្សាផ្នែកតន្រ្តីនៅ សហរដ្ឋអាមេរិក អស់ពេលជាច្រើនឆ្នាំមកហើយ ហើយបទចម្រៀងរបស់លោកជាច្រើនក៏ផ្ទុះការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រទូទាំងពិភពលោក ។
ជាមួយនិងការចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ទៅតាមការសំណូមពររបស់អ្នកគាំទ្រ ថ្មីៗវត្តមាននិងកេរ្តិ៍ឈ្មោះរបស់ N.John ក៏បានសាយភាយកាន់តែខ្លាំងពេញពិភពលោក ហើយថ្មីៗនេះ បទចម្រៀង Pop Out របស់ N.John ក៏ត្រូវបានក្រុមតារាស្រី K-pop Babymonsterដែលមានឈ្មោះថា Ahyeon បានយកបទចម្រៀងរបស់លោក សុវត្ថិ មុនីនាគ យកទៅរាំតាម និងបានបង្ហោះលើផេក Instagram ផ្លូវការរបស់ក្រុមនេះផ្ទាល់ផងដែរ ដែលកាន់តែធ្វើផ្ទុះការចាប់អារម្មណ៍ពីបណ្តាលអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ។
ពេលនេះវិដេអូតារាស្រី K-pop Babymonster កញ្ញា Ahyeon ដែលរាំបទចម្រៀង Pop Out របស់លោក N.John កំពុងល្បីសុះសាយទូទាំងពិភពលោក និងមានអ្នកចូលមើលយ៉ាងច្រើនកុះករ ។ សូម្បីតែលោក ព្រាប សុវត្ថិ ដែលជាឪពុកក៏រំភើបចិត្ត និងមានមោទនភាពចំពោះកូនប្រុសរបស់ខ្លួនផងដែរ ។
លោក N.John គឺជាតារាចម្រៀងកូនខ្មែរវ័យក្មេងដ៏មានទេពកោសល្យ ដែលបានឈានជើងចូលឆាកអន្តរជាតិដោយសមត្ថភាពរបស់ខ្លួនពិតៗ ៕


