ក្រសួង ស្ថាប័ន ៩ទៀត ជាគោលដៅត្រូវបន្តធ្វើជំរឿនមន្ត្រីជាក់ស្តែង!

បន្ទាប់ពីបានអនុវត្តការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅរចនាសម្ព័ន្ថក្រសួងមុខងារសាធារណៈ និងគ្រឹះស្ថានសិក្សាសាធារណៈ ព្រមទាំងអង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញ រួចមក គណៈកម្មការជំរឿនមន្ត្រីនៃក្រសួងមុខងារសាធារណៈ បានជួបប្រជុំជាមួយក្រសួង ស្ថាប័នទាំង៩ ដើម្បីពិនិត្យការងារឆ្ពោះទៅកាន់ការធ្វើជំរឿនមន្ត្រីជាក់ស្តែង នាពេលខាងមុខ។ 

កិច្ចប្រជុំនេះប្រព្រឹត្តឡើងនារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីនាំ និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ ជាគណៈកម្មការជំរឿន តំណាងំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងក្រសួងសាមីទាំង៩ ដែលត្រូវចុះជំរឿន។

ក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការធ្វើវិភាគមុខងាររចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង។ ឯកឧត្តមក៏បានលើកឡើងបន្ថែមថា កិច្ចប្រជុំនាពេលនេះ ដើម្បីពិភាក្សាឱ្យកាន់តែមានភាពច្បាស់លាស់នៃការបំពេញបែបបទ និងនីតិវិធីទាំងដំណាក់កាលមុនជំរឿន ដំណាក់កាលជំរឿន និងដំណាក់កាលក្រោយជំរឿននៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការការនីតិប្រតិបត្តិ។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចការងារ និងជំហររបស់ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការឱ្យសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការជំរុញវិធានការគន្លឹះទាំង៣ នេះ គឺគោរពតាមអភិក្រម ពិគ្រោះយោបល់គ្នាឱ្យបានច្រើន ស្វែងយល់អំពីលក្ខណៈពិសេសនៃតម្រូវការរបស់ក្រសួង ស្ថាប័ន ដែលមិនមែនក្រសួងមុខងារសាធារណៈ ដោយធ្វើការពិគ្រោះយោបល់រកចំណុចរួម។ 

“គោលដៅពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ និងជាការពង្រឹងសមត្ថភាព ក្នុងការកសាងរដ្ឋបាលសាធារណៈឱ្យរឹតតែប្រសើរឡើង ផ្អែកលើថ្នាលមានស្រាប់ ដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុក និងឈាងទៅដល់ការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនទៅដល់ប្រជាពលរដ្ឋ បង្កើននូវភាពធន ជាពិសេសបង្កើតសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ គោលដៅជំរឿនមន្ត្រី គឺដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា​ និងប្រើប្រាស់បានរួមគ្នា ហើយគោលដៅជំរឿន មិនមែនត្រឹមតែជំរឿននោះទេ តែត្រូវផ្សារភ្ជាប់នូវគោលដៅចុងក្រោយ គឺបង្កើតសមត្ថភាពរបស់កម្ពុជាយើង ដែលត្រូវប្រឈមនឹងភាពមិនច្បាស់លាស់នៃស្ថានភាពខាងក្រៅ។” ឯកឧត្តមបានបន្ថែម។

សូមជម្រាបថា បន្ទាប់ពីកិច្ចប្រជុំនេះ គណៈកម្មការជំរឿន នឹងរៀបចំសេចក្តីជូនដំណឹងស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងក្រសួងកិច្ចការនារី, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ទេសចរណ៍, ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, អភិវឌ្ឍន៍ជនបទ, ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ,​ធម្មការនិងសាសនា, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រសួងសុខាភិបាល ជូនដល់ក្រសួង ស្ថាប័នគោលដៅទាំង៩៕

5
Promotion