រោងចក្រប្រព្រឹត្តកម្មទឹកស្អាត តាខ្មៅ និងស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី ដែលជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ថ្មីមួយទៀតក្នុងការផ្គត់ផ្គង់ទឹកស្អាត សម្រាប់តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ ពិធីសម្ពោធសមិទ្ធផលថ្មីនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅគឺជាគម្រោងជំនួយឥតសំណងរបស់ប្រទេសជប៉ុន ក្រោមគំរូវិនិយោគជា “ក្រុមហ៊ុនមានកម្មវត្ថុពិសេស” ដោយប្រើប្រាស់បច្ចេកវិទ្យាជប៉ុនដែលសន្សំសំចៃផ្ទៃដី។ រោងចក្រនេះមានសមត្ថភាពផលិតទឹកស្អាតបាន ៣០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនឹងជួយបន្ថែមសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឱ្យដល់ជាង ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ។
សមិទ្ធផលមួយទៀតគឺស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី ដែលជាគម្រោងអនុវត្តកិច្ចសន្យារវាងក្រុមហ៊ុន OCIC និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីស្តារផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍កោះនរាលើប្រព័ន្ធផលិតកម្មទឹកស្អាតនិរោធរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ស្ថានីយ៍បូមទឹកឆៅថ្មី តម្លៃ២៨លានដុល្លារនេះ មានសមត្ថភាពបូមទឹកឆៅបាន ៤៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រទឹកស្អាតនិរោធក្នុងតំណាក់កាលបច្ចុប្បន្ន និងអនាគត ដែលនឹងបម្រើសម្រាប់ទាំងការរស់នៅ អាជីវកម្ម និងតំបន់អភិវឌ្ឍន៍សំខាន់ៗ រួមទាំងតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា សមិទ្ធផលទាំងពីរនេះនឹងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និងជាការរួមចំណែកសម្រេចគោលដៅ “ទឹកស្អាតសម្រាប់ទាំងអស់គ្នា” និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។ ហេដ្ឋារចនាសម្ព័ន្ធនេះក៏នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងការផ្គត់ផ្គង់ទឹកស្អាតស្របតាមស្តង់ដារគុណភាព មានសុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ជូនប្រជាជនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ក៏បានលើកឡើងថា គម្រោងនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងជប៉ុន និងកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ជប៉ុនបានបន្តគាំទ្រវិស័យទឹកនៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ និងបានរួមចំណែកបង្កើត “អព្ភូតហេតុទីក្រុងភ្នំពេញ” ក្នុងសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ដែលអព្ភូតហេតុនេះត្រូវបានពង្រីកទៅកាន់ទីក្រុង និងខេត្តជាច្រើនផ្សេងទៀត។
គួរបញ្ជាក់ថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ ត្រូវបានចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៥ ដែលសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនមកពីប្រទេសជប៉ុន ក្រោមការត្រួតពិនិត្យរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ គម្រោងនេះបានទទួលហិរញ្ញប្បទានឥតសំណងចំនួន ៣.៤២១ លានយ៉េន ស្មើនឹងប្រមាណ ២៣,២៥ លានដុល្លារអាមេរិក ពីប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមគំរូវិនិយោគជា “ក្រុមហ៊ុនមានកម្មវត្ថុពិសេស” ដោយពន្ធ និងអាករជាបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនេះ តាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា បរិមាណនៃការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេសបានកើនឡើង ៧២% ពីប្រមាណ ៣០៩ លានម៉ែត្រគូបក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៣០ លានម៉ែត្រគូបក្នុងឆ្នាំ២០២៤៕


