កម្ពុជា បន្តប្តេជ្ញាយ៉ាងមុតមាំចំពោះមិត្តភាពដែកថែបជាមួយចិន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូន ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្ដម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសបុណ្យចូលឆ្នាំចិន ២០២៦ ត្រូវនឹងឆ្នាំមមីនេះ។

ក្នុងសារលិខិតពីរច្បាប់ដាច់ដោយឡែកពីគ្នា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា និងចិន មានចំណងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធ ដែលត្រូវបានលើកកម្ពស់តាមរយៈទំនុកចិត្ត នយោបាយដ៏ជ្រាលជ្រៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏ខ្លាំងក្លា ការផ្លាស់ប្ដូរវប្បធម៌ដ៏រស់រវើក និងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនដ៏រឹងមាំ។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំចំពោះមិត្តភាពដែកថែបជាមួយមិត្តចិន និងមានជំនឿយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីពង្រឹងមិត្តភាពដែកថែប និងលើកកម្ពស់កិច្ចសហប្រតិបត្តិការត្បូងពេជ្រទៅកាន់កម្រិតថ្មីមួយទៀត។ ជាមួយគ្នានេះ នឹងរួមគ្នាជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដើម្បីរួមចំណែកដល់វិបុលភាពរួម ស្ថិរភាពក្នុងតំបន់ និងសន្តិភាពយូរអង្វែង។

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ដែលបាននិងកំពុងគាំទ្រឥតងាករេ និងផ្តល់ជំនួយមិនអាចកាត់ថ្លៃបាន ដើម្បីរួមចំណែក យ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

«ខណៈពេលដែលយើងកំពង់បន្តធ្វើឱ្យ ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ និងពង្រឹងចំណងមិត្តភាពជិតស្និទ្ធរបស់យើងបន្ថែមទៀត ខ្ញុំសូមជូនពរយ៉ាងស្មោះស្ម័គ្រជូនប្រជាជនចិនជាមិត្ត សូមសម្រេចបាននូវសមិទ្ធផលកាន់តែធំធេង វិបុលភាពយូរអង្វែង ទទួលបានជោគជ័យនិងភាពសប្បាយរីករាយ»។ នេះការគូសបញ្ជាក់បន្ថែមរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

5
Promotion