សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ស្ថានភាពនយោបាយរបស់ប្រទេសជិតខាងគឺថៃ បានរុញច្រានទៅមានវិវាទជាមួយកម្ពុជា ទោះយ៉ាងណាក៏ដោយក្នុងកាលៈទេសៈនេះ សម្តេចមើលឃើញថា វិបត្តិបានក្លាយទៅជាកាលានុវត្តភាព។ សម្តេចក៏ព្រមានថា បើមិនមានការផ្លាស់ប្តូរមេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ។

ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសយើងកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការផ្លាស់ប្តូរមេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូចកន្លងទៅកាលពីឆ្នាំ២០១១នោះទេ។
សម្តេចតេជោប្រធានព្រឹទ្ធសភា បានណែនាំប្រជាពលរដ្ឋ ជីកលេណដ្ឋានដើម្បីការពារខ្លួនហើយកុំភ្លេចការបង្កបង្កើនផលទោះសភាពការណ៍កើតនៅទល់ដែនក៏ដោយ ខណៈដែលពេលនេះរដូវវស្សាបានមកដល់ហើយ។
ចំពោះការបិទព្រំដែនដែនតាមទំនើងចិត្តរបស់ថៃ សម្តេចតេជោ លើកឡើងថា ថៃបិទដោយខ្លួនឯង ហើយពេលខូចផ្លែឈើ មកសុំចរចា បិទខ្លួនឯងតែពេលចង់បើកឡើងវិញ តែបែរមកសុំចរចា។ ប្រទេសថៃបច្ចុប្បន្នប្រៀបដូចការបិទខ្ទប់ខ្លួនឯងអស់ហើយ ទាំងព្រំដែនជាមួយភូមា ឡាវ ម៉ាឡេស៊ីជាដើមក៏មានបញ្ហាជាមួយគ្នាដែរ។ សម្តេចបន្តថា សម្រាប់កម្ពុជា ចង់ឱ្យព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនមិត្តភាពសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕




