កងរាជអាវុធហត្ថ សោកស្តាយចំពោះសមាគមអាដហុកដែលផ្សាយមិនគ្រប់ជ្រុងជ្រោយថាមានការចាប់ខ្លួនពលរដ្ឋទាក់ទិនករណីទំនាស់ដីធ្លី

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ កងរាជអាវុធហត្ថបានឃើញសេចក្តីថ្លែងការណ៍របស់សមាគមអាដហុកការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានលើកឡើងថា “មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងរាជអាវុធហត្ថស្រុកអណ្ដូងមាស ខេត្តរតនគិរី ចំនួន០៣នាក់ មិនស្គាល់ឈ្មោះដែលបានចុះទៅធ្វើការតាមចាប់ខ្លួនតំណាងពលរដ្ឋទាំងយប់អាធ្រាត្រទាក់ទិនករណីទំនាស់ដីធ្លី”។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបំភ្លឺទៅកាន់សមាគមអាដហុកការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា និងសាធារណជនថា៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានរាយការណ៍បញ្ជាក់ថា នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអណ្តូងមាស បានទទួលបណ្តឹងតាមទូរស័ព្ទពីឈ្មោះ សេង សុផល ជាមេការមើលការទទួលខុសត្រូវដីចម្ការឲ្យឈ្មោះ សេក សុភ័ក្ត្រសឿម៉ូនា ថាមានករណីគុបមកលើអេស្កាវ៉ាទ័រ ធ្វើឱ្យបែកកញ្ចក់អេស្កាវ៉ាទ័រនោះ នៅចំណុចដីចម្ការរបស់ឈ្មោះ សេក សុភ័ក្ត្រសឿម៉ូនា ស្ថិតនៅក្នុងភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្កឡើងដោយជនសង្ស័យឈ្មោះ សឿន កេត ភេទប្រុស និងប្រពន្ធឈ្មោះ ញឹម ស្រីឌី រស់នៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី បានធ្វើសកម្មភាពហាមឃាត់គ្រឿងចក្រ (អេស្កាវ៉ាទ័រ) មិនឲ្យកាយស្ពាននៅលើដីរបស់ឈ្មោះ សេក សុភ័ក្ត្រសឿម៉ូនា និងបានយកដុំថ្មគុបទៅលើគ្រឿងចក្រ (អេស្កាវ៉ាទ័រ) ដែលមេការឈ្មោះ សេង សុផល កំពុងកាយស្ពាន បណ្តាលឲ្យបែកកញ្ចក់ខាងមុខចំនួនមួយផ្ទាំង។

ក្រោយពីទទួលបណ្តឹង នៅវេលាម៉ោង១៧និង១២នាទី ថ្ងៃខែឆ្នាំដដែល លោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអណ្តូងមាស បានរាយការណ៍និងសុំគោលការណ៍ដឹកនាំពីលោក ឡេង លីណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីអនុវត្តតាមនីតិវិធី។ ដោយបានការអនុញ្ញាតនិងមានការសម្របសម្រួលនីតិវិធីពីលោក ឡេង លីណា ព្រះរាជអាជ្ញារង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តរតនគិរី និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអណ្តូងមាស សរុបចំនួន ០៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអណ្តូងមាស បានចុះទៅដល់កន្លែងកើតហេតុនៅវេលាម៉ោង១៨និង១០នាទី ដើម្បីធ្វើការត្រួតពិនិត្យបទល្មើសខាងលើ ឃើញថាមានការបំផ្លិចបំផ្លាញ និងធ្វើឲ្យខូចខាតដោយចេតនា (បែកកញ្ចក់គ្រឿងចក្រអេស្កាវ៉ាទ័រពិតប្រាកដមែន) ហើយក៏បានទៅអញ្ជើញឈ្មោះ សឿន កេត និងប្រពន្ធ មកធ្វើការសាកសួរពីដំណើររឿងហេតុតាមពាក្យបណ្តឹងខាងលើ ក្នុងនោះមានវត្តមានលោកមេភូមិកាណាត និងលោកក្រុមព្រឹក្សាឃុំកាណាតចូលរួមផងដែរ ពេលទៅដល់ផ្ទះរបស់ឈ្មោះ សឿន កេត ក៏បានជួបជាមួយប្រពន្ធ និងម្តាយក្មេករបស់ឈ្មោះ សឿន កេត កម្លាំងជំនាញបានសួររកឈ្មោះ សឿន កេត ក្នុងពេលនោះក៏មានប្រជាពលរដ្ឋចំនួនប្រហែល ២០នាក់ ចេញមកហុំព័ទ្ធ និងរំខានដល់ការងាររបស់កម្លាំងសមត្ថកិច្ចតែម្តង។ ពេលឃើញប្រជាពលរដ្ឋធ្វើសកម្មភាពបែបនេះ កម្លាំងយើងបានដកវិលត្រឡប់មកអង្គភាពវិញ។ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថបន្តកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី។

កងរាជអាវុធហត្ថ មានការសោកស្តាយចំពោះសេចក្តីថ្លែងការណ៍របស់សមាគមអាដហុកការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ដែលចេញផ្សាយដោយមិនបានថ្លឹងថ្លែងព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយ។ កងរាជអាវុធហត្ថ រង់ចាំឆ្លើយតបនិងបង្ហាញភស្តុតាងទាំងអង្គហេតុនិងអង្គច្បាប់ចំពោះករណីខាងលើនេះ៕

5
Promotion