ទស្សនិកជនធ្លាប់តែឃើញកំពូលតារាចម្រៀងស្រី តន់ ចន្ទសីម៉ា ឡើងឆាកប្រគំតន្រ្តីធំៗជុំវិញខេត្តក្រុង ដោយឡែកថ្មីនេះនាងត្រៀមនឹងមានវត្តមានច្រៀងនៅក្នុងផាប់ ដើម្បីផ្តល់នូវភាពរីករាយនិងជាកាដូសម្រាប់អ្នកគាំទ្រខ្លួននៅក្នុងឆ្នាំថ្មីនេះ ។

ជាច្រើនឆ្នាំនៅក្នុងសិល្បៈតារាចម្រៀង តន់ ចន្ទសីម៉ា មិនធ្លាប់ចេញច្រៀងឬសម្តែងនៅក្នុងផាប់ណាមួយឡើយ ភាគច្រើននាងទទួលតែការសម្តែងនៅក្នុងតាមការប្រគំតន្រ្តីធំៗ និងក្នុងកម្មវិធីធំៗប៉ុណ្ណោះ ។ ទន្ទឹមនិងកេរ្តិ៍ឈ្មោះកាន់តែល្បីសុះសាយពេញក្នុងនិងក្រៅប្រទេស កញ្ញា តន់ ចន្ទសីម៉ា ក៏បានរិះរកអ្វីដែលថ្មីៗដើម្បីចែកជូនជាកាដូដល់អ្នកគាំទ្ររបស់ខ្លូនផផងដែរ ជាពិសេសនៅប៉ុន្មានថ្ងៃខាងមុខនេះ នាងត្រៀមនឹងមានវត្តមាននៅក្នុងការសម្តែងនៅក្នុងផាប់មួយនៅក្នុងទីក្រុងភ្នំពេញផងដែរ ។
បើតាមគម្រោងកំពូលតារាចម្រៀង តន់ ចន្ទសីម៉ា នឹងច្រៀងនៅក្នុងផាប់មួយដែលមានឈ្មោះថា The Bay នៅបឹងកក់ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៦ ។
ជុំវិញនៃការចូលរួមច្រៀងនិងសម្តែងរបស់តារាចម្រៀង តន់ ចន្ទសីម៉ា ជាលើកដំបូងនៅក្នុងផាប់នេះ ត្រូវបានប្រភពព័ត៌មានស្និទ្ធជាមួយនាងបង្ហើបប្រាប់ថា កញ្ញា តន់ ចន្ទសីម៉ា ចង់ផ្តល់ភាពសប្បាយរីករាយ និងជាកាដូសម្រាប់អ្នកគាំទ្រនាងនៅក្នុងឆ្នាំថ្មីនេះ ដោយជួបជាមួយនាងផ្ទាល់ ព្រមទាំងអាចជជែកនិងថតរូបជុំគ្នា ។
ជាមួយនិងការត្រៀមបង្ហាញវត្តមាននៅក្នុងផាប់ជាលើកដំបូងនេះ កញ្ញា តន់ ចន្ទសីម៉ា ត្រៀមយកបទចម្រៀងមនោរសញ្ចេតនាល្បីៗរបស់នាងដែលចូលសិល្បៈដំបូង ដើម្បីច្រៀងនិងសម្តែងជូនបងប្អូនទស្សនានិងរាំលេងកម្សាន្តជុំមិត្តភក្តិនិងក្រុមគ្រួសារ ។
កុំភ្លេចណាត់មិត្តភក្តិនិងដៃគូឱ្យហើយ ជួបជាមួយកំពូលតារាចម្រៀងនៅក្នុងដួងចិត្តរបស់បងប្អូន ដើម្បីទទួលបាននូវអារម្មណ៍ថ្មី ប្លែក និងផ្តល់នូវភាពរីករាយនៅចុងសប្តាហ៍នេះ ៕




