គាំទ្រផលិតផលជាតិ ជួយកសិករខ្មែរ! ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ កំពុងដាក់តាំងលក់នៅមាត់ស្ទឹងសៀមរាប 

ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ ឆ្នាំ២០២៦ កំពុងរៀបចំនៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង ១០ព្រឹក ដល់ ៨យប់។

ពិព័រណ៍នេះមានក្រុមហ៊ុន សហគ្រាស អាជីវករ ផលិតផលករ សហគមន៍ អ្នកដាំដុះ ចូលរួមចំនួន ៩២ និងមានស្តង់ចំនួន ១១០ស្តង់។ ក្រៅពីដាក់តាំងបង្ហាញបន្លែផ្លែឈើស្រស់ និងផលិតផលកែច្នៃដែលមានគុណភាពខ្ពស់ ក៏នឹងមានរៀបចំកម្មវិធីអមនានា រួមមាន៖ សិក្ខាសាលាស្ដីពី៖ «បរិបទថ្មីនៃការប្រើប្រាស់ផលិតផលជាតិប្រកបដោយចីរភាព», សិក្ខាសាលាផ្សព្វផ្សាយស្ដីពី៖ «ការជំរុញនិងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្ម វិស័យស្វាយចន្ទីនិងម្រេចកម្ពុជា», យុទ្ធនាការលើកកម្ពស់តម្បាញ និងការប្រើប្រាស់ផលិតផលសូត្រកម្ពុជា, កម្មវិធីបង្ហាញអំពីការចម្អិនម្ហូបអាហារខ្មែរ, ព្រមទាំងការសម្តែងសិល្បៈ និងតន្រ្តីស្គរដៃខ្មែរ ផងដែរ។

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមលើកកម្ពស់ផលិតជាតិ #MadeInCambodia ឱ្យមានការប្រើប្រាស់កាន់តែច្រើនឡើង ព្រមទាំងបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានស្គាល់កាន់តែច្បាស់ពីផលិតផលខ្មែរ ព្រមទាំងបានផ្តល់ជាវេទិកាសម្រាប់អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ សេវាករ អ្នកនាំចេញ-នាំចូល អ្នកដាំដុះបន្លែផ្លែឈើ ម្ចាស់កសិដ្ឋានទាំងអស់ អាចដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងលក់នូវផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ប្រកបដោយគុណភាព សោភ័ណភាព និងអនាម័យ ទៅកាន់សាធារណជន ផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា ដើម្បីលើកកម្ពស់ និងជំរុញការគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើម និងសម្ពោធ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលយុទ្ធនាការនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១សប្តាហ៍ ក្នុង១ខែ មានរយៈពេលមួយឆ្នាំពេញ ដោយផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនៅទូទាំងរាជធានី-ខេត្ត នឹងចូលរួមរៀបចំតុបតែងធ្នើរដាក់តាំងលក់ផលិតផលជាតិឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោផងដែរ។

ឯកឧត្តមបានលើកទឹកចិត្តដល់ផលិតករ ពាណិជ្ជករ និងអាជីវករកម្ពុជាទាំងអស់ បន្តខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត និងរៀបចំទំនិញសម្រាប់តម្រូវការទីផ្សារ ដោយត្រូវពង្រឹងគុណភាព សោភ័ណភាព និងសុវត្ថិភាពផលិតផលសម្រាប់អ្នកប្រើប្រាស់ អនុលោមតាមស្តង់ដារអនាម័យ និងមានតម្លៃសមរម្យ នោះទើបអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីបាន៕

5
Promotion