អគ្គលេខាធិការ OIF នឹងបំពេញទស្សនកិច្ចការងារនៅកម្ពុជា រយៈពេល៤ថ្ងៃ

តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការនៃអង្គការអន្តរ​ជាតិហ្វ្រង់កូហ្វូនី (OIF) នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងឱកាសបំពេញទស្សនកិច្ច លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ,សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុ​ប្រ​ធាន​​ទី១ នៃរដ្ឋសភា។

លោកជំទាវ​អគ្គលេខាធិការ ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលជា ព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនទាំងមូល។

ដំណើរទស្សនកិច្ចនេះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ  ក៏បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី  និងកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូ ឱ្យកាន់តែស៊ីជម្រៅ ព្រម ទាំងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែច្រើន ដើម្បីជាប្រយោជន៍ដល់បណ្តាញអ្នកប្រើប្រាស់ភាសា បារាំងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់ផ្សេងៗទៀត៕

5
Promotion