សម្តេចតេជោ ហ៊ុន សែន ចង់ឃើញបារាំងមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគជាស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

សម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជាបានអនុញ្ញាតឱ្យប្រតិភូក្រុមមិត្តភាពសភាបារាំងកម្ពុជាដឹកនាំដោយឯកឧត្តម Thomas Lam ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៦នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។ 

ឯកឧត្តមជាធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថានៅក្នុងជំនួបនោះសម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Thomas Lam និងប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមនិងប្រតិភូគឺជាផ្នែកដ៏សំខាន់នៃការធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងបារាំងឲ្យកាន់តែរីកចម្រើននិយាយដោយឡែករវាងស្ថាប័ននីតិប្បញ្ញត្តិរវាងកម្ពុជានិងបារាំងឲ្យកាន់តែល្អប្រសើរ។សម្ដេចតេជោបានចាត់ទុកបារាំងគឺជាមិត្តចាស់ដែលជាចំណងប្រវត្តិសាស្ត្រដ៏យូរអង្វែងជាមួយគ្នាហើយជាមិត្តមួយដែលតែងតែសហប្រតិបត្តិការជាមួយគ្នាយ៉ាងស៊ីជម្រៅ។ 

ឯកឧត្តម Thomas Lam បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តមនិងប្រតិភូបានជួបសម្ដែងការគួរសមនៅថ្ងៃនេះ។ឯកឧត្តមបានសរសើរចំពោះសម្ដេចតេជោនៅពេលនៅជានាយករដ្ឋមន្ត្រីដែលបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនមានសេដ្ឋកិច្ចល្អប្រសើរជាពិសេសសន្តិភាពដែលរកបានដោយសម្ដេចតេជោនិងបន្តមករីកចម្រើនដល់សព្វថ្ងៃនេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។ 

ឯកឧត្តមបានមានប្រសាសន៍ថាកន្លងមកបារាំងក៏បានចូលរួមចំណែកក្នុងការស្វះស្វែងរកសន្តិភាពនៅកម្ពុជាជាពិសេសកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១ទំនាក់ទំនងកម្ពុជានិងបារាំងមានភាពល្អប្រសើរឯកឧត្តមក៏បានលើកឡើងថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះក៏ជាផ្នែកមួយនៃការចូលរួមត្រៀមរៀបចំនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះនិងត្រៀមទទួលឯកឧត្តមប្រធានាអធិបតីបារាំងនៅពេលខាងមុខផងដែរ។

សម្ដេចតេជោបានសម្ដែងនូវការអរគុណចំពោះការលើកឡើងរបស់ឯកឧត្តម Thomas Lam ដែលបានសរសើរចំពោះបទពិសោធន៍ក្រោមការដឹកនាំរបស់សម្ដេចនាពេលកន្លងទៅ។សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីបារាំងដែលនឹងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខនោះដែលជាចំណុចដ៏សំខាន់នៃការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជានិងបារាំងបន្ថែមទៀត។កន្លងទៅនេះសម្ដេចនិងឯកឧត្តមអេម៉ានូអែលម៉ាក្រុង  ប្រធានាធិបតីបារាំងគឺជាមិត្តដ៏ជិតស្និតជាមួយគ្នាដែលតែងតែប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ 

សម្ដេចក៏បានរំលេចអំពីតួនាទីរបស់បារាំងដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជាជាពិសេសចាប់តាំងពីជំនួបសីហនុហ៊ុនសែនកាលពីថ្ងៃទី២ខែធ្នូឆ្នាំ១៩៨៧នៅ Fère-en-Tardenois ដែលជាចំណុចចាប់ផ្ដើមនៃការស្វែងរកកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស។ជាមួយគ្នានោះបារាំងក៏បានចូលរួមក្នុងការអភិវឌ្ឍកម្ពុជាផងដែរដូចជាការប្រើប្រាស់ភាសាបារាំងនៅកម្ពុជានិងគម្រោងអភិវឌ្ឍន៍នានា។ 

សម្ដេចតេជោក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំងដោយសម្ដេចតេជោជំរុញឲ្យភាគីទាំងពីរកម្ពុជានិងបារាំងបន្តនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើផ្នែកពាណិជ្ជកម្មសេដ្ឋកិច្ចនិងវិនិយោគដោយសម្ដេចតេជោចាត់ទុកថាចំណុចទាំងអស់នេះជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជានិងបារាំងដោយសម្ដេចចង់ឃើញអ្នកវិនិយោគបារាំងមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ 

ឯកឧត្តម Thomas Lam បានសម្ដែងនូវការពេញចិត្តចំពោះអ្វីដែលសម្ដេចតេជោបានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជានិងបារាំងហើយឯកឧត្តមក៏បានរំលេចថាឯកឧត្តមផ្ទាល់និងប្រតិភូនឹងខិតខំប្រឹងប្រែងក្នុងការជួយសម្របសម្រួលការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខហើយឯកឧត្តមបានឯកភាពទាំងស្រុងលើការជំរុញឱ្យបារាំងនិងកម្ពុជាជំរុញបន្ថែមទៀតលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគមកកម្ពុជា៕ 

5
Promotion