លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចុះពិនិត្យកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយ ប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់អំពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលា រៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងបង្ហាញពីសមិទ្ធផលនៃការអនុវត្តកម្មវិធី ក៏ដូចជាបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការអនុវត្តកម្មវិធីនេះដែលរួមចំណែកដល់ការកសាង មូលធនមនុស្ស ជាពិសេសការយកចិត្តទុកដាក់ខ្ពស់លើសុខភាព និងអាហារូបត្ថម្ភដល់កុមារនៅតាម សាលាបឋមសិក្សា។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់កិត្តិយសទស្សនា ការរៀបចំ ចម្អិន និងការហូបអាហាររបស់សិស្សានុសិស្ស, ជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាលា លោកគ្រូ អ្នកគ្រូ សហគមន៍ ចុងភៅ អ្នកផ្គត់ផ្គង់ស្បៀង អាណាព្យាបាលសិស្ស និង សិស្សានុសិស្ស ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រឹងកិច្ចសហការរវាងស្ថាប័នជាតិ អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍ។
លោកជំទាវបណ្ឌិតបានបង្ហាញពីអារម្មណ៍សប្បាយរីករាយពេលបានឃើញសមិទ្ធផលនានា ជាពិសេសឃើញសិស្សានុសិស្សញ៉ាំអាហារពេលព្រឹកយ៉ាងឈ្ងុយឆ្ងាញ់ ក្នុងដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍។ លោកជំទាវបានលើកឡើងថា «ពិតណាស់ កូនៗគឺជាទំពាំងស្នងឫស្សី ជាអនាគតរបស់ប្រទេសជាតិ ហើយកាលដែលកូនៗទទួលបានការចិញ្ចឹមបីបាច់ល្អ និងទទួលបានការសិក្សាជ្រៅជ្រះនោះ ប្រទេសយើងក៏នឹងមានធនធានមនុស្សច្រើន កម្លាំងចលករសង្គមក៏ប្រកបដោយគុណភាព ដើម្បីចូលរួមកសាងប្រទេសជាតិឱ្យរឹងមាំ រីកចម្រើនតរៀងទៅ។»
លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនអាជ្ញាធរមូលដ្ឋាន អង្គការដៃគូរផ្សេងៗ និងបងប្អូន ប្រជាពលរដ្ឋ ដែលរួមគ្នាដាំបន្លែបង្កាក្នុងសហគមន៍ ក្នុងសាលារៀន ប្រើប្រាស់ផលិតផលក្នុងសហគមន៍ ដើម្បីគាំទ្រជីវភាពកសិករ ផ្សារភ្ជាប់អាហារូបត្ថម្ភនិងការសិក្សារបស់កុមារ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងបណ្តុះស្មារតីពង្រឹងសហគមន៍ឱ្យពឹងផ្អែកលើខ្លួនឯង ហើយលោកជំទាវគាំទ្រ និងសង្ឃឹមមុតមាំថា ចលនានេះនឹងបន្តជារៀងរហូត និងកាន់តែរីកសុះសាយបន្ថែមទៀត។
ក្នុងគោលដៅបន្តចូលរួមចំណែក ជំរុញការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ឱ្យកាន់តែទូលំទូលាយនៅកម្ពុជា នាឱកាសនេះដែរ លោកជំទាវបណ្ឌិត បានយល់ព្រមធ្វើជាប្រធានកិត្តិយសកម្មវិធីផ្ដល់អាហារតាមសាលារៀន ចាប់ពីថ្ងៃនេះតទៅ។ នេះបើតាមការឱ្យដឹងពីក្រសួងអប់រំ។
សូមជម្រាបជូនថា កម្មវិធីផ្តល់អាហារតាមសាលារៀន ត្រូវបានអនុវត្តនៅកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៩មក ដោយមានការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក(WFP) ក្នុងគោលបំណងលើកកម្ពស់ អាហារូបត្ថម្ភកុមារ កាត់បន្ថយអត្រាបោះបង់ការសិក្សា និងបង្កើនការចូលរៀននៅតំបន់ជនបទ តំបន់ មានអត្រាភាពក្រីក្រខ្ពស់ និងងាយរងគ្រោះខ្លាំង។
គិតត្រឹម ឆ្នាំ២០២៥ កម្មវិធីនេះ បានគ្របដណ្ដប់សាលាបឋមសិក្សាគោលដៅសរុប ១ ១១៤ សាលា ក្នុងខេត្តចំនួន ១០ ដែលមានសិស្សទទួលផលប្រមាណ ៣០០ ០០០នាក់ ដែលក្នុងនោះ សាលាចំនួន ៨១៦ និងសិស្សទទួលផលចំនួន ២៣២ ០០០នាក់ បាននិងកំពុងអនុវត្តដោយបើ ប្រាស់ថវិកាជាតិ ខណៈសាលាចំនួន ២៩៨ បាននិងកំពុងអនុវត្តក្រោមការគ្រប់គ្រងដោយកម្មវិធី ស្បៀងអាហារពិភពលោក៕




