កម្ពុជា លាតត្រដាងពីសកម្មភាពរំលោភសិទ្ធិមនុស្សរបស់យោធាថៃ នៅក្នុង​កិច្ចប្រជុំអាយឆា នៅហ្វីលីពីន

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានរៀបចំកិច្ចប្រជុំលើកទី៤២ ឆ្នាំ២០២៦ ដែលដឹកនាំដោយឯកឧត្តម Severo S. Catura តំណាងសាធារណរដ្ឋហ្វីលីពីន និងជាប្រធានប្តូរវេន អាយឆា ឆ្នាំ២០២៦ នាថ្ងៃទី២៤-​២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានតាមការចាត់តាំង ឯកឧត្តម ស៊ាង ចិន្តា សមាជិក គ.ស.ម.ក. បានដឹកនាំក្រុមការងារអោយឆាកម្ពុជា ទៅ ចូលរួមកិច្ចប្រជុំនេះ ជាមួយតំណាងប្រចាំអោយឆានៃប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ស៊ាង ចិន្តា បានប្រាប់អង្គប្រជុំអំពីការវាយប្រហារជាលើកទីពីរ ចាប់ពី ថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលអំឡុងពេល២១ថ្ងៃនោះ សព្វាវុធសព្វបែបយ៉ាងត្រូវបានប្រើប្រាស់ ដោយចេតនា មិនសមាមាត្រ និងគ្មានបែងចែកគោលដៅ ហើយយន្តហោះចម្បាំងបានធ្វើប្រតិបត្តិការហោះចូលមក ទម្លាក់គ្រាប់យ៉ាងជ្រៅក្នុងដែនអធិប​តេយ្យ​ភាពកម្ពុជា។ ការវាយប្រហារនេះ បានធ្វើឱ្យប្រជាជនស៊ីវិលជាច្រើននាក់ ត្រូវបាត់បង់ជីវិតនិងរងរបួស ព្រមទាំងបង្កឱ្យ​មានជនភៀសសឹកជាង ៦៤៩ ០០០នាក់ និងបានបំផ្លិចបំផ្លាញយ៉ាង ធ្ងន់ធ្ងរលើទ្រព្យសម្បត្តិឯកជននិងសាធារណៈ រួមទាំងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ឯកឧត្តម ស៊ាង ចិន្តា បន្តថា អស់រយៈពេលពីរខែហើយ ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានចូលជាធរមាន ដែលក្នុងនោះបាន ធានាយ៉ាងច្បាស់ដល់ការវិលត្រឡប់របស់ជនភៀសសឹកទៅផ្ទះសម្បែងវិញក្នុងពេលឆាប់បំផុត ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ តែផ្ទុយទៅវិញ មានជនភៀសសឹកប្រមាណជាជាង ៥០ ០០០នាក់ ទៀតភាគច្រើនជាស្ត្រីនិងកុមារ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយទេ។

ឧបសគ្គដែល​រារាំងដល់ ការវិលត្រឡប់នេះ គឺបណ្តាលមកពីផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញ ការបន្តកាន់កាប់ដែនដីកម្ពុជា ដោយខុសច្បាប់ ការដាក់ពង្រាយទូកុងតឺន័រនិងបន្លាលួស ព្រមទាំងហានិភ័យនៃសំណល់គ្រាប់បែកចង្កោម និង យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗទៀត។

ទន្ទឹមគ្នានេះ ឯកឧត្តម ស៊ាង ចិន្តា សោកនាដកម្ម បង្កើតឡើងដោយមនុស្សនេះ មិនមានមូលដ្ឋានផ្លូវច្បាប់ណា មួយអាចយកមកសំអាងបានឡើយ ហើយក៏ផ្ទុយទាំងស្រុងនឹងវត្ថុបំណងនៃច្បាប់សិទ្ធិមនុស្សតំបន់នឹងអន្តរជាតិ ដែលចង់ឱ្យមនុស្សទូទៅសម្រេចបាននូវបំណងប្រាថ្នាដ៏ឧត្តមមួយ គឺការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ រួចចាកផុត ពីការភ័យខ្លាច និងទុគ្គតភាព។ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរក្សាការប្តេជ្ញាចិត្តដែលតែងតែស៊ីចង្វាក់គ្នាទាំងស្រុង ជាមួយនឹងសកម្មភាពជាក់ស្តែងរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់៕

5
Promotion