លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានថ្លែងអំណរគុណដល់កម្ពុជាចំពោះការគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ក៏ដូចជាចំពោះសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន ជាពិសេសក្នុងអំឡុងពេលបោះឆ្នោតនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើសេចក្តីសម្រេចស្តីពីសន្តិភាពយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន។
ការថ្លែងអំណរគុណរបស់លោក Volodymyr Zelenskyy ក្នុងពេលបានជួបពិភាក្សាតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា កាលពីរសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍នៃប្រទេសរៀងៗខ្លួន និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅវិស័យនានាដែលជាផលប្រយោជន៍រួម ជាពិសេស ការប្រារព្ធខួបលើកទី៣៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអ៊ុយក្រែន (១៩៩២-២០២៧) នៅឆ្នាំក្រោយ។
ក្នុងអំឡុងពេលនៃការសន្ទនា ថ្នាក់ដឹកនាំបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអ៊ុយក្រែន និងកម្ពុជា។ ភាពជាដៃគូកំពុងអភិវឌ្ឍ ហើយកាលពីឆ្នាំមុន ចំណូលពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួន ៦១,២ លានដុល្លារ ដែលច្រើនជាង ៣៥% ធៀបនឹងឆ្នាំ ២០២៤។ ការងារក៏កំពុងដំណើរការដើម្បីបង្កើតគណៈកម្មការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។
លោកប្រធានាធិបតី Zelenskyy ក៏បានអញ្ជើញប្រធានព្រឹទ្ធសភាកម្ពុជាទៅទស្សនកិច្ចនៅប្រទេសអ៊ុយក្រែនផងដែរ៕






