លោកឧកញ៉ា ឡេង និមល បន្តបេសកកម្មដឹកនាំក្រុមយុវជនទស្សនាប្រាសាទតាមាន់ធំ និងសំណេះសំណាលជាមួយវីរកងទ័ពជួរមុខ

លោកឧកញ៉ា ឡេង និមល អនុប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តបេសកកម្មដឹកនាំក្រុមយុវជន ទស្សនាប្រាសាទតាមាន់ធំ ដែលជាបេតិកភណ្ឌវប្បធ​ម៌​ដ៏​សំខា​ន់​នៅ​តាម​បណ្ដោ​យព្រំដែន ព្រមទាំងជួប​ជជែកជាមួយបងៗវីរកងទ័ពជួរមុខកំពុងឈរជើងយ៉ាងរឹងមាំ ដើម្បីការពារដែនអធិបតេយ្យជាតិខ្មែរ។

ភ្ជាប់ជាមួយសកម្មភាពនេះ ក្នុងនាមជាយុវជនជួរក្រោយ លោកឧកញ៉ា ឡេង និមល បានលើកទឹកចិត្តនិងគាំទ្រវីរភាពកងទ័ពជួរមុខដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបណ្ដោយព្រំដែន ជាពិសេសប្រាសាទតាមាន់ធំដែលជារបស់ខ្មែរ។

គួរបញ្ជាក់ថា ចាប់តាំងពីកម្ពុជា និងថៃមានភាពតានតឹងប្រឈមមុខគ្នានៅតាមបន្ទាត់ព្រំដែន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ តែងតែបានចាត់ក្រុមការងារចល័តឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បន្តចុះសួរសុខទុក្ខ ប្រគល់គ្រឿងឧបភោគបរិភោគ និងថវិកា​ជូនវីរៈ​កងទ័ពជួរមុខដែលកំពុងឈរជើងនៅច្រកព្រំដែន។

ការចុះដល់សមរភូមិផ្ទាល់នេះ គឺជាការគិតគូរ និងបង្ហាញនូវការគោរពស្រឡាញ់ដល់ទឹកចិត្ត និងវីរភាពរបស់បងៗកងកម្លាំងការពារជាតិរបស់យើង គាំទ្រកងទ័ពជួរមុខកម្ពុជាដ៏អង់អាច ក្នុងន័យបង្ហាញពីខឿនការពារជាតិ៕