កម្ពុជា បន្តបន្លឺសំឡេងនៅអង្គការសហប្រជាជាតិ រឿងយោធាថៃរំលោភច្បាប់អន្តរជាតិ ឈ្លានពានកម្ពុជា

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចពិភាក្សាលើរបាយការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នៅក្នុងសម័យប្រជុំលើកទី៦១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅរសៀលថ្ងៃទី២ខែមីនាឆ្នាំ២០២៦។

ឯកឧត្តមឯកអគ្គរាជទូតអុិនតារាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានលើកឡើងពីករណីយោធាថៃរំលោភច្បាប់អន្តរជាតិ បណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សហគមន៍ស៊ីវិលនិងការរំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជា។

ឯកឧត្តមបានលើកឡើងថា «សន្តិភាពនិងសន្តិសុខមិនមែនជាគោលបំណងតុបតែងនោះទេប៉ុន្តែជាសសរគ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងជាមូលដ្ឋានសម្រាប់ការអនុវត្តសិទ្ធិមនុស្សទាំងអស់។ នៅពេលសន្តិភាពដួលរលំច្បាប់ក៏ស្ងៀមស្ងាត់ហើយសិទ្ធិមនុស្សប្រឈមនឹងការក្លាយជាសន្យាទទេ។

យ៉ាងណាក៏ដោយយើងកំពុងប្រឈមមុខនឹងការប្រែបំលែងគោលការណ៍ដ៏គួរឱ្យព្រួយបារម្ភមួយ៖ច្បាប់ត្រូវបានចាត់ទុកថាជាជម្រើសសន្តិភាពត្រូវបានធ្វើឱ្យអាចចរចានិងការប្រើកម្លាំងត្រូវបានបង្ហាញថាជាមធ្យោបាយងាយស្រួល។ធម្មនុញ្ញមិនត្រូវបានរៀបចំឡើងសម្រាប់ការអនុវត្តជ្រើសរើសនោះទេហើយក៏មិនមែនដើម្បីផ្តល់សុពលភាពដល់ស្ថានការណ៍ដែលបានបង្កើតរួចដោយការប្រើប្រាស់កម្លាំងនោះដែរ។ការបង្ខិតបង្ខំមិនអាចនាំមកនូវសន្តិភាពបានទេហើយការកាន់កាប់មិនអាចផ្តល់សុពលភាពផ្លូវច្បាប់បានឡើយ»។

តំណាងអចិន្ត្រៃយ៍កម្ពុជា បានបន្តថា ក្នុងបរិបទនេះចាប់តាំងពីពាក់កណ្តាលខែឧសភាឆ្នាំ២០២៥កងកម្លាំងប្រដាប់អាវុធថៃបានអនុវត្តប្រតិបត្តិការយោធាបន្តបន្ទាប់នៅតាមផ្នែកជាច្រើននៃតំបន់ព្រំដែនបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សហគមន៍ស៊ីវិលនិងការរំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជា។ ផលប៉ះពាល់លើមនុស្សមានភាពធ្ងន់ធ្ងរ៖ការបាត់បង់ជីវិតស៊ីវិលការបំផ្លាញលំនៅឋាននិងហេដ្ឋារចនាសម្ព័ន្ធការលួចប្លន់ការបង្ខំឱ្យចាកចេញនិងការផ្លាស់ទីលំនៅទ្រង់ទ្រាយធំ។ខ្សែរលួសបន្លានិងកុងតឺន័រនៅតែបន្តរារាំងការចូលទៅកាន់ផ្ទះនិងភូមិធ្វើឱ្យការវិលត្រឡប់ដោយសុវត្ថិភាពនិងមានកិត្តិយសកាន់តែពិបាកនិងបន្ថែមការរងទុក្ខរបស់ជនស៊ីវិល។

កម្ពុជាអំពាវនាវដល់ក្រុមប្រឹក្សានេះឱ្យលើកតម្កើងច្បាប់លើសការប្រើប្រាស់កម្លាំងនិងចាត់វិធានការដោយភាពមុតមាំ។មានតែតាមរយៈការគោរពអធិបតេយ្យភាពការទទួលខុសត្រូវចំពោះការរំលោភច្បាប់និងសកម្មភាពពហុភាគីដែលមានគោលការណ៍ប៉ុណ្ណោះទើបអាចការពារសេចក្តីថ្លៃថ្នូរមនុស្សជាតិនិងធ្វើឱ្យសន្តិភាពមានភាពចីរភាពបាន។ នេះជាការគូសបញ្ជាក់បន្ថែមរបស់តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៕

5
Promotion