ឯកឧត្ដម ខៀវ កាញារីទ្ធ ចាត់តំណាងយកអំណោយម៉ូតូ​ ១គ្រឿងជូនដល់អតីតទាហាន​ស្ម័គ្រចិត្ត

ឯកឧត្ដម ខៀវ កាញារីទ្ធ ឧត្ដមប្រឹក្សាផ្ទាល់​ព្រះ​មហា​ក្សត្រ និងជាតំណាងរាស្ត្រមណ្ឌល​ខេត្ត​កំពង់ចាម បានចាត់ឯកឧត្តម ឃីម នុតតារាសេរី ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ លោក ឡឹក សារ៉ាវ័ន្ត អតីតទាហានស្ម័គ្រចិត្ត និងធ្លាប់បម្រើការជាសន្តិសុខ ដែលបច្ចុប្បន្នជាជនមានពិការភាពស្លាប់មួយចំហៀងខ្លួន និងមាន​ជីវភាព​លំបាក រស់នៅភូមិស្វាយ៣០ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃីម នុតតារាសេរី បាននាំ​នូវ​ការសួរសុខទុក្ខ និងអំណោយ​របស់ឯកឧត្ដម ខៀវ កាញារីទ្ធ ដែលក្នុងនោះរួម​មានម៉ូតូ ១គ្រឿងម៉ាក SUZUKI Let’s សម្រាប់កូនៗរបស់លោក ឡឹក សារ៉ាវ័ន្ត ធ្វើជាមធ្យោបាយក្នុងការធ្វើ​ដំណើរ​ទៅ​សាលារៀន និងថវិកាមួយចំនួន។

សូមជម្រាបជូនផងដែរថា កន្លងមក ឯកឧត្ដម ខៀវ កាញារីទ្ធ ធ្លាប់បានផ្ដល់អំណោយម៉ូតូកង់៤ប្រើអគ្គិសនី ដល់លោក ឡឹក សារ៉ាវ័ន្ត សម្រាប់​ជា​មធ្យោ​បាយធ្វើដំណើរប្រចាំថ្ងៃ ផងដែរ៕