លោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា បានបង្ហើបឱ្យដឹងថា នៅពេលខាងមុខ នឹងមានធុរជនរបស់អូទ្រីសប្រមាណ ១០ក្រុមហ៊ុន នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ ខណៈដែលខិតខំប្រឹងប្រែងក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូទ្រីស បានធ្វើឡើងជាបន្តបន្ទាប់។ ការបង្ហើបរបស់លោកជំទាវឯកអគ្គរដ្ឋទូតបែបនេះ បានធ្វើឡើងនៅក្នុងជំនួបនិងប្រគល់សារតាំង ជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ លោកជំទាវ Katharina Wieser បានប្ដេជ្ញាចំពោះមុខសម្ដេចតេជោ ដោយខិតខំប្រឹងប្រែងក្នុងការពូនជ្រុំ នូវទំនាក់ទំនងរវាងកម្ពុជា និងអូទ្រីស ឱ្យកាន់តែរីកចម្រើន។

លោកជំទាវ បានលើកឡើងថា ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ ពោល គឺចាប់តាំងពីឆ្នាំ១៩៥៦ មក ប្រទេសទាំងពីរបានបង្កើតនូវទំនាក់ទំនងជាមួយគ្នា ហើយទំនាក់ទំនងកន្លងមកនេះ គឺមានភាពល្អប្រសើរ ដោយភាគីទាំងពីរជឿជាក់គ្នាទៅវិញទៅមក ។ លោកជំទាវ នឹងខិតខំប្រឹងប្រែងក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូទ្រីស ឱ្យកាន់តែមានការកើនឡើង។
ឯកឧត្តម ជា ធីរិទ្ធ បានបន្តថា ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពទាំងស្រុង ចំពោះការលើកឡើងរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត ក្នុងការពង្រីកនូវពាណិជ្ជកម្មរវាងកម្ពុជា និងអូទ្រីសឱ្យកាន់តែមានការកើនឡើង ជាពិសេស គឺទាក់ទងទៅនឹងការវិនិយោគ ដែលសម្ដេចតេជោសាទរ ចំពោះគម្រោងធុរជនរបស់អូទ្រីសប្រមាណ១០ក្រុមហ៊ុន គ្រោងមកកាន់ប្រទេសកម្ពុជា នាពេលខាងមុខនោះ។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមខ្ពស់ថា តាមរយៈធុរជន រួមទាំងតាមរយៈការប្ដេជ្ញាចិត្តរបស់លោកជំទាវ ក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មីរបស់អូទ្រីសប្រចាំនៅកម្ពុជា នឹងញ៉ាំងឱ្យទំនាក់ទំនងផ្នែកនយោបាយ ជាពិសេស ទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើនបន្តទៀត៕
