កម្ពុជា បង្ហាញរបាយការណ៍ស្តីពីការខូចខាតប្រាសាទព្រះវិហារ ដោយការវាយប្រហាររបស់កងទ័ពថៃ ក្នុងកិច្ចប្រជុំអាយស៊ីស៊ី ព្រះវិហារ

របាយការណ៍ស្តីពីការខូចខាតប្រាសាទព្រះវិហារ ដោយសារការវាយប្រហារប្រដាប់អាវុធពីសំណាក់កងទ័ពថៃត្រូវបានលាតត្រដាង អមដោយវិធានការអភិរក្ស និងសង្គ្រោះប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាស្នាដៃមិន​អាចកាត់ថ្លៃ​បានរបស់បុព្វបុរសខ្មែរ កិច្ចប្រជុំពេញអង្គលើកទី១១ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) នៅខេត្តសៀមរាបកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

កិច្ចប្រជុំពេញអង្គលើកទី១១ គណៈកម្មាធិការICC-ព្រះវិហារ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដោយមានតំណាងមកពីចិននិងឥណ្ឌា ជាសហប្រធាន។ កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន ៥ប្រទេស រួមមាន៖ បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាម៉េរិក រួមទាំងប្រធានលេខាធិការដ្ឋាន អ្នកជំនាញការអាដហុក ស្ថាប័នជាតិនិងអន្តរជាតិ និងអ្នកស្រាវជ្រាវខ្មែរ និងបរទេស ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបប្រមាណ ១៥៨រូប។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គលើកទី១១ គណៈកម្មាធិការICC-ព្រះវិហារ គឺដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍ តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។អង្គប្រជុំបានស្ដាប់របាយការណ៍ខូចខាតប្រាសាទព្រះវិហារ និងផលប៉ះពាល់លើសហគមន៍ ប្រជាជន និងវិស័យទេសចរណ៍ បណ្តាលមកពីព្រឹត្តិការណ៍ទាំងពីរលើកកាលពីឆ្នាំ២០២៥កន្លងទៅ។

ជាមួយគ្នានេះ អាជ្ញាធរជាតិព្រះវិហារក៏បានបង្ហាញអំពីលទ្ធផលនៃការសិក្សាហានិភ័យបឋម និងការលើកផែនការអភិរក្សបន្ទាន់ ដើម្បីទប់ស្កាត់ការខូចខាតបន្តទៀតដល់វត្ថុសិល្បៈដែលនៅជ្រុះរាយប៉ាយ និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទដែលរងការខូចខាតធ្ងន់ធ្ងរ។ ផ្អែកតាមការវាយតម្លៃបឋម ការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែង ហើយមានសភាពធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងបង្កការខូចខាតចំពោះតម្លៃលេចធ្លោជាសកល។

សហប្រធានចិននិងឥណ្ឌា ព្រមទាំងបណ្តាប្រទេសជាសមាជិក រួមជាមួយអ្នកជំនាញការអន្តរជាតិ បានប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារ និងថែរក្សាបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារសម្រាប់មនុស្សជាតិជំនាន់​ក្រោយៗ​ទៀត ជាពិសេសសហប្រធានទាំងពីរ បានបង្ហាញអំពីជំហរបន្តកិច្ចការអភិរក្សប្រាសាទព្រះវិហារតាមរយៈវេទិកាពិគ្រោះយោបល់នេះ នៅពេលដែលស្ថានភាពវិលមកប្រក្រតីភាពវិញ។

ឯកឧត្តម ប៉ែន បូណា បានបន្ថែមថា អង្គប្រជុំក៏បានពិភាក្សាគ្នាអំពីវិធានការបន្ទាន់នានា ដើម្បីអភិរក្សសង្គ្រោះប្រាសាទព្រះវិហារមានដូចជា៖ អនុវត្តការងារបន្ទាន់មួយចំនួន ដូចជាការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាដល់ការងារអភិរក្ស និងគ្រប់គ្រងប្រាសាទ​ព្រះវិហារ, ការរៀបចំឯកសារវិភាគហានិភ័យប្រាសាទព្រះវិហារ និងបរិវេណភ្នំទាំងមូល ,ការរៀបចំឯកសារអំពីវត្ថុសិល្បៈ និងរចនាសម្ព័ន្ធប្រាសាទដែលទទួលរងគ្រោះថ្នាក់ និងចាត់វិធានការសង្គ្រោះបន្ទាន់។

គួរជម្រាបជូនថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីស្ថានភាពខូចខាតរមណីយដ្ឋានប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងរបស់យោធាថៃ ក្នុងនោះមានទាំងការខូចខាតប្រាង្គប្រាសាទនិងតំបន់ជុំវិញ រួមទាំងវត្តកែវសិក្ខាគីរីស្វារៈផងដែរ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអំពាវនាវដល់អង្គការ និងសហគមន៍អន្តរជាតិផ្តល់​ការគាំទ្រ​ចំពោះវិធានការបន្ទាន់នានា សំដៅការពារប្រាសាទពីការវាយប្រហារបន្ថែម និងគាំទ្រដល់ការអភិរក្សបន្ត និងជួសជុលស្តារប្រាសាទឡើងវិញ។

ទន្ទឹមនឹងនោះ ក្រសួងក៏បានអំពាវនាវឱ្យមានការគោរពច្បាប់អន្តរជាតិ អនុសញ្ញា និងពិធីសារក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ ដែលត្រូវបានបង្កើតឡើងសម្រាប់ចងភ្ជាប់រដ្ឋភាគីទាំងអស់ឱ្យគោរព និងការពារបេតិកភណ្ឌវប្បធម៌​ដែលមានតម្លៃលេចធ្លោជាសាកល៕

5
Promotion