ដំណឹងល្អ! រដ្ឋ មិនយកពន្ធនាំចូលប្រេងឥន្ធនៈ និងសម្រេចបញ្ចុះអាករលេីតម្លៃបន្ថែម ដើម្បីជួយសម្រាលជីវភាពពលរដ្ឋ

ចាប់តាំងពីការប្រយុទ្ធគ្នានៅនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ដែលបង្កឱ្យមានការកេីនឡេីងនៃតម្លៃប្រេងឥន្ធនៈជាសាកលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៍បន្ទាន់និងចាំបាច់មួយចំនួន ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងបានអនុវត្តរួចហេីយរួមមាន៖

១/ បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ
២/ បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ក្នុងករណីថ្លៃប្រេងសាំងអន្តរជាតិឡេីងលេីសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡេីងលេីស ១០០ដុល្លារ/បារ៉ែល
៣/ ពន្ធគយ ០ (សូន្យ) គឺជាការមិនយកពន្ធគយលេីការនាំចូល

ជាមួយគ្នានេះ ដោយផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកេីនឡេីងនៅទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែម កាលពីថ្ងៃ២០ ខែមីនា ឆ្នាំ២០២៦ ដែលរួមមាន៖

១/ បញ្ចុះអាករបន្ថែមលេីប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ
២/ បញ្ចុះអាករពិសេសលេីប្រេងម៉ាស៊ូត ពី ៤% មក ០% និង
៣/ បញ្ចុះអាករលេីតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូត ពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ចំនួន ៦%។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បន្តតាមដានលើការវិវត្តនៃសភាពការណ៍ ជាពិសេសស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារដោយយកចិត្តទុកដាក់ ដើម្បីពិនិត្យលទ្ធភាព ដាក់ចេញនូវវិធានការអន្តរាគមន៏បន្ថែម ក្នុងករណីចាំបាច់ ឱ្យបានទាន់ពេលវេលា ។

សូមបញ្ជាក់ថា បើគ្មានអន្តរាគមន៍ពីរដ្ឋាភិបាលនោះទេ តម្លៃសាំងធម្មតានឹងហក់ឡើងដល់ ៥៦០០រៀលក្នុង១លីត្រ និងម៉ាស៊ូតវិញឡើងដល់ ៧០០០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ។ ដោយមានវិធានការអន្តរាគមន៍បន្ទាន់និងចាំបាច់មួយចំនួននោះ តម្លៃលក់រាយប្រេងឥន្ធនៈ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២០មីនានេះ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ គឺត្រូវលក់ ៥៤០០រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា និង ៦៧០០រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាសូត្រ៕

5
Promotion