ក្រោយចំណាយពេល ៦ឆ្នាំ ទីបំផុត រូបសំណាក «ព្រះសិវៈរាំ» បែកបាក់ជាង ១ម៉ឺនបំណែក ត្រូវបានផ្គុំឡើងវិញ

ក្រោយចំណាយពេល ៦ឆ្នាំ ក្នុងការជួសជុលរូបសំណាក ព្រះសិវៈរាំ នៅតំបន់កោះកេរ រូបសំណាកត្រូវបានសម្ពោធដាក់ឱ្យទស្សនាជាផ្លូវការ ក្រោមអធិបតីភាពរបស់ លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះ។

ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ ក្រុមការងារជំនាញបានខិតខំផ្គុំឡើងវិញនូវបដិមាដ៏ធំសម្បើមនៃសតវត្សទី១០នេះ ដែលបានបែកបាក់ជាបំណែកតូចៗជាង ១ម៉ឺនបំណែក និងត្រូវបានចោរចូលលួចក្នុងសម័យសង្គ្រាមស៊ីវិល។ នេះជាវត្ថុបុរាណដែលមានកម្ពស់ ៥ម៉ែត្រ មានព្រះភក្ត្រ៥ ព្រះហស្ថ១០ និងទម្ងន់ប្រមាណ ៧តោន។

គម្រោងដ៏អស្ចារ្យនេះ ត្រូវបានអនុវត្តដោយសាលាបារាំងចុងបូព៌ា (EFEO) ក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរជាតិព្រះវិហារ និងមានការគាំទ្រពីមូលនិធិ ALIPH ។ ប្រទេសបារាំងមានមោទនភាពយ៉ាងខ្លាំង ដែលបានរួមចំណែកក្នុងការអភិរក្ស និងជួសជុលសម្បត្តិវប្បធម៌ដ៏វិសេសវិសាលរបស់កម្ពុជា។ ក្រៅពីការជួសជុល គម្រោងនេះក៏បានបណ្តុះបណ្តាលអ្នកជំនាញផ្នែកជួសជុលចម្លាក់ចំនួន ២០ រូបផងដែរ ។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងដោយក្តីសោមនស្ស និងអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមអ្នកជំនាញ នៃសាលាបារាំងចុងបូព៌ា គណៈកម្មាធិការបច្ចេកទេស និងដៃគូសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ ចំពោះការខិតខំស្តារនិងស្រោចស្រង់ផ្គុំរូបរាងប្រតិមាព្រះឥសូរដែលមានអាយុកាលជាងមួយពាន់ឆ្នាំនេះមកល្អឡើងវិញ ។ លោកជំទាវសង្ឃឹមថា រូបបដិមាដ៏ធំ នេះនឹងវិលត្រឡប់ទៅកាន់ទីតាំងដើមនៅប្រាសាទកោះកេរ្តិ៍វិញទុកជាទីសក្ការៈសម្រាប់ការគោរពទៅតាមេជំនឿទំនៀមទំលាប់ពីដូនតាខ្មែរនិងជាការទាក់ទាញលំហូរទេសចរទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍កាន់តែច្រើនឡើងជាលំដាប់។

បច្ចុប្បន្នប្រតិមាព្រះឥសូររាំដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះត្រូវបានតម្កល់នៅ អភិរក្សស្ថានអង្គរ ខេត្តសៀមរាប ជាបណ្ដោះអាសន្នសិន៕

5
Promotion