អត្រាស្លាប់ដោយជំងឺរបេងនៅកម្ពុជាធ្លាក់ចុះ៧៨% គិតត្រឹមឆ្នាំ២០២៤

អត្រាស្លាប់ដោយសារជំងឺរបេង បានថយចុះពី ៨០ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០០០ មកត្រឹម១៨ករណី ក្នុងឆ្នាំ២០២៤ ពោលមានអត្រាធ្លាក់ចុះស្មើនឹង៧៨%។ នេះបើយោងតាមការ​គូស​បញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​នៅ​ក្នុង​សារ​លិខិត​ ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង កាលពីថ្ងៃ​ទី​២០ ​ខែ​មីនា ឆ្នាំ២០២៦។​ ទន្ទឺមគ្នានេះ អត្រាកើតមានជំងឺថ្មី បានធ្លាក់ចុះពី ៨៥៣ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០០០ មកត្រឹម ២៧២ករណី នៅឆ្នាំ២០២៤ ពោលគឺបានថយចុះ ៦៨% ផងដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា ទោះបីជាកម្ពុជាទទួលបានជោគជ័យ ក៏ប្រទេសកម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុង កម្រិតខ្ពស់នៅឡើយ បើប្រៀបធៀបនឹង​បណ្តាប្រទេសមួយ​ចំនួនទៀតនៅ​សកលលោក។ បញ្ហានេះតម្រូវឱ្យកម្ពុជា ត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានៃអត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ដើម្បីបញ្ចប់ជំងឺរបេងឱ្យបាន សម្តេចនាយករដ្ឋមន្ត្រី ក៏ស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និង ប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព ដូចជា៖ ទី១- បង្កើនល្បឿនអនុវត្តការងារប្រយុទ្ធជំងឺរបេង តាមផែនការជាតិ និងសកលលោក។ ទី២- ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេង រាប់បញ្ចូលទាំងសកម្មភាពស្រាវជ្រាវ រកជំងឺរបេងនៅតាមសេវាមូលដ្ឋានសុខាភិបាល សហគមន៍ និងទីកន្លែងសាធារណៈនានា។ ទី៣- បន្តថែរក្សាឱ្យបានខ្ពស់នូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេង លើសពី៩០%។ និងទី៤- ខិតខំកៀរគរធនធានបន្ថែមទៀតសម្រាប់បម្រើឱ្យការងារប្រយុទ្ធជំងឺរបេង។

គួរបញ្ជាក់ថា ទិវាពិភពលោកកំចាត់រោគរបេង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «មែនហើយ | យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញ ដោយប្រជាជន» ។ ការៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឱ្យ បានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ការផ្សព្វផ្សាយជូន ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។

5
Promotion