បើទោះបីជាការតុបតែងខ្លួនក្នុងឈុតអប្សរាមាស និងអប្សរាប្រាក់ ជួបនូវការលំបាកខ្លាំងនៅក្នុងព្រឹត្តិការណ៍ « សមរាត្រីអង្គរ » ឬព្រឹត្តិការណ៍ព្រះអាទិត្យរំចំកំពូលកណ្តាលប្រាសាទអង្គរវត្តក្តី ប៉ុន្តែពីរនាក់បងប្អូនដែលជាបវរកញ្ញានិងជាតារាល្បីឈ្មោះ អ៊ិន ម៉ូលីកា និង អ៊ិន លក្ខិណា មិនបានបោះបង់អ្វីដែលខ្លួនចង់ធ្វើឡើយ ផ្ទុយទៅវិញអ្នកទាំងពីរបានតស៊ូថតនិងបង្ហាញឱ្យភ្ញៀវជាតិនិងអន្តរជាតិឃើញពីវប្បធម៌ដ៏ល្អឯករបស់ប្រទេស កម្ពុជា រហូតដល់ចប់ ។
ព្រឹត្តិការណ៍ សមរាត្រីអង្គរ នៅក្នុងឆ្នាំនេះមានភ្ញៀវទេចរជាតិ និងអន្តរជាតិចូលរួមទស្សនាប្រមាណជាង៧ម៉ឺននាក់ ។ ក្នុងនោះដែរគួរឱ្យសរសើរពីទឹកចិត្តនិងអ្វីដែលសិល្បករពីរនាក់បងប្អូន អ៊ិន ម៉ូលីកា និង អ៊ិន លក្ខិណា បានធ្វើណាស់ នាងបានចំណាយពេលវេលាចូលរួម និងតុបតែងខ្លួនជាអប្សរាមាស អប្សរាប្រាក់ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ « សមរាត្រីអង្គរ » ឬព្រឹត្តិការណ៍ព្រះអាទិត្យរំចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ។ ក្នុងព្រឹត្តិការណ៍ដីអស្ចារ្យនេះ អ៊ិន លក្ខិណា និង អ៊ិន ម៉ូលីកា បានធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិជាច្រើន ផ្ទុះការចាប់អារម្មណ៍ ពីព្រោះការតុបតែងខ្លួនជាទេពអប្សរាមាស និងអប្សរាប្រាក់របស់អ្នកទាំងពីរ មើលទៅដូចរូបផុសពិតៗនៅលើជញ្ជាំងប្រាសាទអង្គរវត្ត ។

កញ្ញា អ៊ិន ម៉ូលីកា និង អ៊ិន លក្ខិណា តុបតែងខ្លួនក្នុងឈុតអប្សរាមាស អប្សរាប្រាក់នេះ គឺចង់ពាំនាំនិមិត្តរូបនៃសិល្បៈ និងអរិយធម៌ខ្មែរ ដើម្បីបង្ហាញនៅចំពោះមុខភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឃើញទូទាំងពិភពលោកនិងលើកស្ទួយវិស័យទេចរណ៍ជាតិផងដែរ ។
ទន្ទឹមនិងការតុបតែងខ្លួនបែបនេះ កញ្ញា អ៊ិន លក្ខិណា ក៏បានជួបនូវហេតុការណ៍ចៃដន្យជាច្រើន រហូតធ្វើឱ្យនាងស្ទើរដួលសន្លប់នៅកណ្តាលទី តែទោះជាយ៉ាងណានាងសម្រួលអារម្មណ៍ និងប្រឹងបញ្ចេញនូវស្នាមញញឹម កាយវិការក្នុងនាមជាអប្សរាមាសយ៉ាងស្រស់ស្អាតឱ្យភ្ញៀវជាតិ និងអន្តរជាតិបានឃើញ ។
កញ្ញា អ៊ិន លក្ខិណា បាននិយាយថា ដំបូងនាងស្ទើរតែបោះបង់ការថតនោះចោលហើយ ដោយសារមិនស្រួលខ្លួន ប៉ុន្តែនាងនៅតែខំបន្តទៅមុខទៀតដើម្បីទេចរណ៍នៅក្នុងប្រទេស កម្ពុជា ៕









