របាយការណ៍ស្តីពីការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ ដែលបានប្រកាសនៅថ្ងៃនេះ បានបង្ហាញពីប្រភេទសត្វជាច្រើនដែលរស់នៅក្នុងតំបន់ភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការសិក្សារូងភ្នំជាង៦០នៅតាមតំបន់ភ្នំចំនួន១០ នៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ការសិក្សាស្រាវជ្រាវនេះបានរកឃើញសត្វដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលមួយចំនួនធំគឺមានតែនៅក្នុងតំបន់ជាក់លាក់នេះប៉ុណ្ណោះ។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ការសិក្សាស្រាវជ្រាវនេះ ដឹកនាំដោយអង្គការសត្វព្រៃ និងរុក្ខជាតិ សហការជាមួយក្រសួងបរិស្ថាន និងអ្នកជំនាញប្រព័ន្ធចំណែកថ្នាក់ បានរកឃើញសត្វជាច្រើនដែលជាប្រភេទថ្មីសម្រាប់វិទ្យាសាស្ត្រ ដោយក្នុងនោះមាន តុកកែថ្មីចំនួន ៣ ប្រភេទ ដូចជា តុកកែភ្នំកំពីងពួយ(Cyrtodactylus kampingpoiensis) ជីងចក់ភ្នំខ្ពស់ (Hemiphyllodactylus khpoh) និង ជីងចក់ស្លឹកបាត់ដំបង(Dixonius noctivagus) ប្រភេទខ្យង២ ប្រភេទ ខ្យងឧទយាទិត្យ (Clostophis udayaditinus) និង ខ្យង Chamalycaeus aduncus) ប្រភេទម្រើមព្រះ ២ ប្រភេទ (Orthomorpha efefai) និង Orthomorpha battambangiensis) ដែលប្រភេទថ្មីទាំង ៧ នេះត្រូវបានបោះពុម្ពផ្សាយជាសាធារណ: ខណៈដែលតុកកែថ្មីចំនួន ៣ ប្រភេទទៀត (Gehyra sp. nov.) (Cyrtodactylus sp. nov. ) និង (Dixonius sp. nov.) និងប្រភេទពស់ pit viper (Trimeresurus sp. nov.) កំពុងត្រូវបានកំណត់អត្តសញ្ញាណ។
ការស្រាវជ្រាវនេះ ក៏បានកត់ត្រានូវវត្តមាននៃប្រភេទសត្វដែលរងការគំរាមកំហែងជាសកលជាច្រើនប្រភេទ រួមមាន៖ សត្វពង្រូល ស្វាព្រាម ស្វាក្តាម ស្វាត្រោស ក្ងោក និងសត្វកែះជាដើម ដែលបង្ហាញពីតម្រូវការបន្ទាន់ក្នុងការការពារជម្រកទាំងនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល តំបន់ទេសភាពភ្នំថ្មកំបោរគឺជាការបណ្តុំចូលគ្នានៃភ្នំថ្មកំបោរ និងរូងភ្នំ ដែលបង្កើតបានជាលក្ខណៈពិសេសៗដូចជារណ្តៅទឹក ប្រភពទឹក និងអូរក្រោមដីជាដើម។ ទោះបីជាការស្រាវជ្រាវនៅតំបន់នេះនៅមានកម្រិតនៅឡើយ តែតំបន់ភ្នំថ្មកំបោរគឺជាជម្រកដ៏សំខាន់បំផុតមួយនៅលើផែនដី ដែលសំបូរទៅដោយជីវ:ចម្រុះដ៏ពិសេសៗមានវត្តមានតែនៅក្នុងតំបន់ជាក់លាក់ណាមួយប៉ុណ្ណោះ ។ តំបន់ទេសភាពទាំងនេះក៏មានសារៈសំខាន់ខាងផ្នែកវប្បធម៌ និងសាសនាចំពោះសហគមន៍មូលដ្ឋាន ហើយត្រូវបានគេឱ្យតម្លៃកាន់តែខ្លាំងឡើងៗសម្រាប់អេកូទេសចរណ៍ផងដែរ។
តំបន់ទេសភាពភ្នំថ្មកំបោរ កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីការជីកយករ៉ែ ការគ្រប់គ្រងសកម្មភាពទេសចរណ៍មិនត្រឹមត្រូវ ភ្លើងឆេះព្រៃ ការកាប់ព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ជាដើម។
អង្គការសត្វព្រៃ និងរុក្ខជាតិ បាននិងកំពុងធ្វើការជាមួយដៃគូក្នុងស្រុកដើម្បីអភិរក្សតំបន់ទេសភាពភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះ បានចេញផ្សាយនូវគោលការណ៍ណែនាំសម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងល្អាងភ្នំប្រកបដោយចីរភាព។ គោលការណ៍ណែនាំនេះរួមបញ្ចូលទាំងការអនុវត្តល្អៗស្របតាមស្តង់ដាអន្តរជាតិ និងសមស្របជាមួយបរិបទកម្ពុជា ដោយផ្តល់នូវវិធានការជាក់ស្តែងដើម្បីការពារបណ្តុំសត្វប្រចៀវ និងជីវ:ចម្រុះដ៏កម្រនៅក្នុងរូងភ្នំ អប់រំផ្សព្វផ្សាយទាក់ទងនឹងការប្រមូលលាមកប្រចៀវក្នុងល្អាងប្រកបដោយនិរន្តរភាព និងធានាឱ្យបាននូវការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយទំនួលខុសត្រូវ។
របាយការណ៍សិក្សាស្រាវជ្រាវជីវៈចម្រុះនេះផ្តោតទៅលើក្រុមប្រភេទសត្វសំខាន់ៗមានដូចជា ប្រភេទសត្វប្រចៀវ ឧរង្គសត្វ (ល្មូន) និងថជលិកសត្វ (កង្កែប) ប្រភេទខ្យង សត្វឥតឆ្អឹងកងក្នុងរូង និងរួមបញ្ចូលការសិក្សាដោយម៉ាសុីនថតស្វ័យប្រវត្ត (ផ្តោតលើថនិកសត្វ និងប្រភេទសត្វស្លាបលើគោក)៕







