តារាសម្តែងសិចស៊ី ឌុច លីដា អស់លទ្ធភាពក្នុងការរកប្រាក់ចំណូលពីអាជីពសិល្បៈ នាងបានសម្រេចចិត្តទិញសិទ្ធហាងកាហ្វេរបស់តារាកំប្លែង PeyPey Dy ធ្វើជាថៅកែផ្ទាល់ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ។

ឌុច លីដា ធ្លាប់ជាតារាសម្តែងសិចស៊ីល្បីឈ្មោះ និងមានទស្សនិកជនជាច្រើនស្រឡាញ់ចូលចិត្ត តែចាប់តាំងពីនាងសម្រេចចិត្តបង្កើតគ្រួសារ មានស្វាមីនិងមានកូនមក ធ្វើឱ្យនាងបោះបង់ការងារសម្តែងចោលទាំងស្រុង ដើម្បីទុកពេលវេលាមើលថែគ្រួសារ ។ ម្យ៉ាងវិញទៀតស្វាមីនាងជាមនុស្សដែលប្រចណ្ឌខ្លាំង និងមិនចង់ឱ្យនាងថតឬសម្តែងឈុតស្នេហា ឬសិចស៊ីដូចកាលពីនាងនៅលីវឡើយ ។
ច្រើនឆ្នាំមកនេះ ឌុច លីដា បាត់មុខឈឹងពីសិល្បៈ បើទោះបីជានាងនៅតែស្រឡាញ់នៅក្នុងវិស័យនេះនិងមានបំណងចង់កសាងកេរ្តិ៍ឈ្មោះឡើងវិញក្តី តែមកទល់ពេលនេះនៅពុំទាន់មានស្នាដៃថ្មីណាមួយបង្ហាញមហាជនឡើយ ផ្ទុយទៅវិញនាងបែរជាលេចមុខក្នុងការងារសប្បុរសធម៌ជាមួយសមាគមសិល្បករខ្មែរទៅវិញ ។
កន្លងមក ឌុច លីដា ក៏ធ្លាប់ទទួលស្គាល់ផងដែរថា ការងារសម្តែងមិនសូវរកប្រាក់ចំណូលបានច្រើននោះទេ ទើបធ្វើឱ្យនាងដកខ្លួនឆ្ងាយពីវិស័យនេះ ។ ថ្មីៗនេះ ឌុច លីដា ក៏បានសម្រេចចិត្តបោះទុនប្រាក់ផ្ទាល់ខ្លួន ទិញប៊្រេនហាងកាហ្វេរបស់តារាកំប្លែង PeyPey Dy ដើម្បីធ្វើជាថៅកែផ្ទាល់ខ្លួន បង្កើនប្រាក់ចំណូល ។
ឌុច លីដា បានសម្តែងនូវអារម្មណ៍រីករាយជាមួយមុខរបរថ្មីរបស់ខ្លួន ដោយនាងរំពឹងថា អាជីពនេះនឹងធ្វើឱ្យនាងទទួលបានប្រាក់ចំណូលច្រើន ដូច្នេះហើយនាងសម្រេចចិត្តបោះបង់អាជីពសិល្បៈចោលទាំងស្រុង ។
សិល្បករជាច្រើនបានផ្ញើសារជូនពរឱ្យ ឌុច លីដា ជោគជ័យលើអាជីវកម្មថ្មីរបស់ខ្លួន ។ ថ្វីដ្បិតតែ ឌុច លីដា ផ្អាកនិងឈប់សម្តែង ប៉ុន្តែនាងនៅតែទទួលការងារថតផ្សាយផលិតផល និងការងារធ្វើជា BA ឱ្យបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីទទួលបានប្រាក់ចំណូលចិញ្ចឹមជីវិត ៕



