ចំណុចខ្លាំងដែលនាដការីរបាំបុរាណ កូនអាន ចូលប្រកួត Miss Universe Cambodia ប្រជុំដោយបេក្ខភាពខ្លាំងៗ និងបោះបង់កម្មវិធីធំមួយ !

នាដការីរបាំបុរាណ សុខគា គឹមលាង ហៅ កូនអាន សុខចិត្តបោះបង់ការចេញទៅប្រកួតក្នុងកម្មវិធី Universal Woman Cambodia នៅប្រទេស ឥណ្ឌា ដើម្បីចូលរួមប្រកួត Miss Universe Cambodia 2025 វិញ ដោយប្រជុំទៅដោយបេក្ខភាពជើងខ្លាំងៗជាច្រើនរូប ។ 

ជុំវិញនៃការបោះបង់ឬផ្អាកមិនចូលរួមប្រកួតនៅក្នុងកម្មវិធី  Universal Woman នៅប្រទេស ឥណ្ឌា ដោយសារតែ កូនអាន ជាប់ភារៈកិច្ចនៅក្នុងអំឡុងខែសីហា បន្ទាប់ពីខាងអន្តរជាតិគេលើកពេលវេលានៃការប្រកួត ។ 

ដោយមិនទុកខ្លួននៅទំនេរស្រាប់តែថ្មីៗនេះ កូនអាន សម្រេចចិត្តដាក់ពាក្យចូលរួមប្រកួត Miss Universe Cambodia 2025 ទៅវិញ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាពិសេសនៅក្នុងការប្រកួតនេះ ប្រជុំទៅដោយបេក្ខភាពខ្លាំងៗជាច្រើនរូបបានដាក់ពាក្យចូលរួមប្រកួត ដូចជាអតីតម្ចាស់មកុដ Miss Grand Cambodia ពេជ្រ វត្តីសាវឌ្ឍី និង ហ្វីយ៉ាតា ជាដើម…។

នាដការីរបាំបុរាណ កូនអាន និយាយដោយភាពជឿជាក់ថា ថ្វីដ្បិតតែជាលើកដំបូងរបស់ខ្លួននៅក្នុងការប្រកួតវិស័យបវរកញ្ញា ប៉ុន្តែនាងមានការជឿជាក់ខ្លាំងលើសមត្ថភាពរបស់ខ្លួន ទាំងរូបសម្រស់ ចំណេះដឹង និងចំណេះជំនាញផ្សេងៗទៀតដែលខ្លួនបានប្រឹងប្រែងសិក្សាអស់ពេលយ៉ាងយូរ ទាំងរបាំ និងបង្ហាញម៉ូដជាដើម… ។ នាងរំពឹងថា នឹងទទួលបានមកុដ Miss Universe Cambodia 2025 រហូតដល់ទៅ ៩៥ ភាគរយ ។ 

ជាមួយនិងក្តីជឿជាក់នេះ កូនអាន ក៏ទទួលបានការជូនពរយ៉ាងច្រើនពីសំណាក់ទស្សនិកជន និងមិត្តសិល្បករ តែលទ្ធផលយ៉ាងណានោះនៅពុំទាន់មាននរណាដឹងច្បាស់នៅឡើយទេ ដូច្នេះមានតែរងចាំតាមដានទាំងអស់គ្នាថា តើនាដការីរបាំបុរាណ កូនអាន អាចនឹងគ្រងមកុដ Miss Universe Cambodia 2025 ដើម្បីតំណាង កម្ពុជា ទៅឆាកអន្តរជាតិបានឬយ៉ាងណា ?៕