ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥មកតារាសម្តែងដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន ហាក់មានយីអ៊ុនមិនសូវល្អប៉ុន្មានទេ ទាំងរឿងការងារនិងរឿងផ្ទាល់ខ្លួន រហូតថ្មីៗនេះដោយមានអារម្មណ៍ថាមានសម្ពាធផ្លូវចិត្ត នាងប្រកាសមិនទទួលការងាររហូតដល់បំណាច់ឆ្នាំ២០២៥ ។

បន្ទាប់ពីមានបញ្ហាជាមួយគណនេយ្យហ្វេសប៊ុករបស់ខ្លួន កញ្ញា ស៊ីន យូប៊ីន ត្រូវបានមហាជនមើលឃើញនូវចំណុចអវិជ្ជមានជាច្រើន តែទោះជាយ៉ាងណា ស៊ីន យូប៊ីន បានចេញមុខសូមទោសដល់មហាជនផងដែរចំពោះការអាក់ខានរបស់ខ្លួនក្នុងអំឡុងពេលដែលប្រទេស កម្ពុជា មានបញ្ហាជាមួយប្រទេស ថៃ ។
មកទល់ពេលនេះកញ្ញា ស៊ីន យូប៊ីន មានអារម្មណ៍មិនសូវសប្បាយចិត្ត និង ប៉ះទង្គិចផ្លូវចិត្តនាងជាខ្លាំង នៅពេលដែលមានជនអគតិមួយចំនួនបានបង្កើតរឿងរ៉ាវមិនល្អចំពោះនាង ។
កញ្ញា ស៊ីន យូប៊ីន និយាយទាំងសម្តីមួយៗថា នាងជឿលើបាបបុណ្យ និងជឿលើទង្វើរខ្លួនឯង នរណាមើលឃើញបែបណាជារឿងរបស់គេ តែក៏អរគុណអ្នកគាំទ្រមួយចំនួននៅតែផ្តល់កម្លាំងចិត្តនិងជួយលើកទឹកចិត្ត ។
ទន្ទឹមនិងការបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តនេះកញ្ញា ស៊ីន យូប៊ីន បានប្រកាសថា នៅពេលនេះនាងសល់តែការងារមួយប៉ុណ្ណោះនៅក្នុងដៃ ហើយក៏កំពុងពិចារណាថានឹងទទូលឬអត់ តែបើការងារនោះផ្តល់ប្រយោជន៍ដល់សង្គមជាតិ នាងនឹងទទួល តែបើការងារនោះធម្មតាៗ គឺនាងមិនទទួលឡើយ ហើយក៏សូមប្រកាសថា នាងផ្អាកមិនទទួលការងារជាបន្តទៀតដែរ ព្រោះចង់ទុកពេលវេលាសម្រាកសម្រាប់ខ្លួនឯងខ្លះរហូតដល់បំណាច់ឆ្នាំ២០២៥ ។
គួររំលឹកផងដែរថា ក្នុងអំឡុងពេលដែលមានរឿងរ៉ាវមិនសប្បាយចិត្តដែលបានវាយប្រហារផ្លូវចិត្តរបស់នាងយ៉ាងធ្ងន់ធ្ងរនោះ កញ្ញា ស៊ីន យូប៊ីន ក៏បានស្វែងយល់ពីព្រះធម៌បានច្រើន ហើយនាងជឿលើបាបបុណ្យ ពេលនេះគ្មានអ្វីសំខាន់ជាងការធ្វើផ្លូវចិត្តឱ្យបានល្អប៉ុណ្ណោះ ៕


