ចូលបង្រៀនសិស្សថ្នាក់ទី៥ទើបតែបានប៉ុន្មានថ្ងៃ កញ្ញា សាន្ត កុសុមៈ បានឱ្យដឹងថា ជីវិតជាគ្រូបង្រៀនពិតជាពិបាកណាស់ ប៉ុន្តែនាងពេញចិត្តនិងរីករាយជាមួយការងារក្នុងក្តីស្រមៃនេះ ។ ក្នុងមួយថ្ងៃ សាន្ត កុសុមៈ ត្រូវចំណាយលុយប្រហែល២០ដុល្លារក្នុងការធ្វើដំណើរទៅបង្រៀនសិស្សនៅខេត្ត តាកែវ ។

កញ្ញា សាន្ត កុសុមៈ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលបន្ទាប់ពីនាងប្រឡងជាប់គ្របខ័ណ្ឌគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅតាមគ្រឹស្ថានបឋមសិក្សាសាធារណៈ ។ មកទល់ពេលនេះ សាន្ត កុសុមៈ បានចូលបង្រៀនសិស្សថ្នាក់ទី៥ នៅខេត្ត តាកែវ បានជិតមួយសប្តាហ៍ហើយ នាងពិតជារីករាយជាមួយជីវិតជាគ្រូបង្រៀននេះខ្លាំងណាស់ សូម្បីតែកូនសិស្សរបស់នាង ក៏បានសម្តែងនូវការស្រឡាញ់ និងការពេញចិត្តខ្លាំងចំពោះការបង្រៀនរបស់នាង ។
កញ្ញា សាន្ត កុសុមៈ ត្រូវធ្វើដំណើរពីភ្នំពេញទៅខេត្ត តាកែវ ជារៀងរាល់ថ្ងៃដើម្បីបង្រៀនសិស្សរបស់ខ្លួន អ្វីដែលធ្វើឱ្យនាងស្លុតចិត្តនោះគឺនាងត្រូវចំណាយប្រាក់២០ដុល្លារជារៀងរាល់ថ្ងៃដើម្បីចាក់សាំង ធ្វើដំណើរទៅបង្រៀន ។
កញ្ញា សាន្ត កុសុមៈ បានបញ្ជាក់ប្រាប់ថា ជំហានដំបូងនេះនាងត្រូវធ្វើដំណើរចុះឡើងៗរាល់ថ្ងៃពី ភ្នំពេញ ទៅខេត្ត តាកែវ ពីព្រោះនាងមិនមានផ្ទះនៅទីនោះទេ ចាំមើលមួយរយៈពេលទៀត នាងអាចនឹងរកផ្ទះជួលដើម្បីស្នាក់នៅ ពីព្រោះមិនអាចចំណាយលុយ២០ដុល្លាររាល់ថ្ងៃចាក់សាំងចុះឡើងៗបែបនេះទេ ។
ថ្វីដ្បិតតែចូលបំរើការងារជាគ្រូបង្រៀនក្តី សាន្ត កុសុមៈ នៅតែអះអាងថានាងនៅតែបន្តអាជីពសិល្បៈ ប្រសិនបើមានពេលទំនេរនាងនៅតែទទួលថត និងសម្តែងដូចដើម តែអ្វីដែលសំខាន់នៅក្នុងពេលនេះ នាងសុំពេលយកចិត្តទុកដាក់ការងារជាគ្រូបង្រៀនសិន ដោយសារការងារនេះជាការងារដែលក្នុងក្តីសុបិនដែលនាងស្រឡាញ់តាំងពីតូចៗមកម្លេះ ៕





