ឯកឧត្តម ហ្វៃយ៉ា មើស៊ីត កាហ្សី អគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសប្រចាំនៅប្រទេសថៃ កម្ពុជា និង ESCAP ដែលមាននិវាសដ្ឋាននៅក្នុងប្រទេសថៃ បានស្នើដល់កាកបាទក្រហមកម្ពុជា ប្រសិនបើបានជួបប្រទះជនជាតិបង់ក្លាដេសដែលជាពលករមកធ្វើការនៅកម្ពុជាត្រូវបានជម្លៀសខ្លួនក្នុងពេលមានជម្លោះប្រដាប់អាវុធថៃនឹងកម្ពុជាប្រមាណ១៣០នាក់ និងមានខ្លះផ្សេងទៀតកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែ សូមឱ្យមានការគិតគូរដល់ពួកគេលើផ្នែកមនុស្សធម៌ផង។
សំណើរនេះ បានធ្វើឡើងក្នុងពេលឯកឧត្តមអគ្គរដ្ឋទូតបង់ក្លាដេស និងគណៈប្រតិភូជួបពិភាក្សាការងារជាមួយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅរសៀលទី១៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងយល់ពីដំណេីរការងារកាកបាទក្រហមកម្ពុជាឲ្យច្បាស់ដេីម្បីស្វែងរកកិច្ចសហប្រតិបត្តិការ ដោយផ្តោតទៅលើ ការជួយផ្នែកមនុស្សធម៌ចំពោះពលករចំណាកស្រុកបង់ក្លាដេសដែលបានមកធ្វើការនៅប្រទេសកម្ពុជានិងអ្នកកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែរប្រែ, ការផ្តល់ជំនួយថ្នាំពេទ្យរបស់បង់ក្លាដេសដល់កាកបាទក្រហមកម្ពុជា, ការឆ្លើយតបគ្រោះមហន្តរាយ និងការស្តារឡើងវិញ។
បន្ថែមពីនេះឯកឧត្តមអគ្គរដ្ឋទូតចង់ឱ្យមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយខាងគាត់មានជាថ្នាំពេទ្យ ដែលនាំចូលពីបង់ក្លាដេសមក ហើយបើមានសំណូមពរឬតម្រូវការអ្វីដែលថ្មីគាត់និងអាចជួយឧបត្ថម្ភផងដែរ៕



