ឯកឧត្តម ស សុខា៖ នយោបាយផ្ទៃក្នុងថៃច្របូកច្របល់ តែមេដឹកនាំថៃគួរមានចរិតចាស់ទុំ ថ្លៃថ្នូរ និងចេះរៀនសូត្រពីភាពលេចធ្លោរបស់មេដឹកនាំខ្មែរ! 

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះសំណេរលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ 

នយោបាយផ្ទៃក្នុងថៃ ច្របូកច្របល់ តែមេដឹកនាំថៃ គួរមានចរិតចាស់ទុំ ថ្លៃថ្នូរ និងចេះរៀនសូត្រពីភាពលេចធ្លោរបស់មេដឹកនាំខ្មែរ! 

វាជារឿងហួសចិត្ត និងមិននឹកស្មានថា មេដឹកនាំថៃ ហាមាត់ទៅរួច«ករណីចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតី ប្រសិនរកឃើញនៅក្នុងប្រទេសថៃ»។ បើមិនយល់ទិដ្ឋភាពច្បាប់អន្តរជាតិ ក៏ត្រូវឈ្វែងយល់អំពីការទូតក្នុងទំនាក់ទំនងអន្តរជាតិដែរ។ ឬមួយមិនយល់ទាំងពីរនេះ? បើមែននោះ មេដឹកនាំបែបនេះ នឹងនាំថៃ ដើរថយក្រោយ លក់មុខយុវជន ប្រជាជន និងបញ្ញវន្តថៃទាំងមូល ឱ្យរងភាពអាម៉ាសហើយ។ បើមេដឹកនាំបែបនេះ វាមិនស្មើនឹងយុវជន ប្រជាជនភាគច្រើន ដែលគេយល់ច្បាប់ និងការទូតរវាងរដ្ឋនិងរដ្ឋដែរ ជាពិសេសអ្នកនយោបាយបន្តវេនថៃបច្ចុប្បន្ន ដែលគេមានចំណេះដឹងគ្រប់គ្រាន់អាចធ្វើមូលវិចារណ៍សម្ដីនេះបាន។ តែយ៉ាងណា ខ្ញុំមិនចូលជ្រៅកិច្ចការផ្ទៃក្នុងថៃទេ ទុកជូនយុវជន ប្រជាជន និងបញ្ញវន្តថៃចុះ! 

ទោះជាសម្ដីនេះ ដើម្បីតែយកចិត្តយោធា យកចិត្តមនុស្សថៃ មួយចំនួនណានោះ ឬគ្រាន់តែជាសារនយោបាយបង្វែរទំនាស់ផ្ទៃក្នុងរបស់ខ្លួនក៏ដោយ ក៏គួររកវិធីផ្សេងក្រៅពីកំហុសជាន់លើកំហុសបែបនេះក្នុងនាមជាថ្នាក់ដឹកនាំប្រទេសមួយ។ ប៉ុន្តែបើសិនជាចិញ្ចឹមចិត្តចង់បានដីខ្មែរតជំនាន់ គឺមេដឹកនាំថៃ ប្រជាជនថៃ មួយអន្លើណានោះ បច្ចុប្បន្នគួរតែហ៊ានទទួលស្គាល់ពីភាពចាស់ទុំ របៀបធ្វើនយោបាយដ៏ឈ្លាសវៃរបស់មេដឹកនាំខ្មែរ និងសិក្សាឱ្យច្បាស់ពីមេដឹកនាំកម្ពុជា ជាមុន ដែលលោកពោរពេញដោយនយោបាយសីលធម៌ វិន័យការទូត និងច្បាប់អន្តរជាតិ មានក្លិនក្រអូបក្នុងតំបន់ និងឆាកអន្តរជាតិ។ ទោះមិនបង្ហាញដោយចំហ អ្នកនយោបាយថៃ បច្ចុប្បន្នមួយចំនួននោះ ក៏គួរឆ្លាត ចេះលួចសង្កេត លួចស្វ័យពិចារណា រៀនសូត្រពីបទពិសោធជាក់ស្ដែង និងឥរិយាបថនយោបាយដ៏លេចធ្លោ ជាពិសេសពីសម្ដេចតេជោ ហ៊ុន សែន និងភាពជាអ្នកបន្តវេនប្រកបដោយទំនុកចិត្តសម្រាប់ជាតិ និងប្រជាជនខ្មែរ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ 

មែនទែនទៅ យុវជន ប្រជាជន អ្នកវិភាគ និងអ្នកនយោបាយថៃ បានចេញសារតាមបណ្ដាញសង្គមរួចទៅហើយ ទទួលស្គាល់សមត្ថភាពសម្ដេចតេជោ ថ្នាក់ដឹកនាំកម្ពុជា និងកម្ពុជាទាំងមូលថាខ្លាំង ដើរមុនថៃ និងមានពិសោធន៍ឆ្លាតជាងអ្នកនយោបាយថៃ ដែលសុំរំលេចតែ លោក ស៊ិនធិលឹមថងគុល ជាអ្នកនយោបាយស្និទ្ធនឹងលោក ថាក់ស៊ីន ចាកចេញពីគណបក្សភើថៃ ទៅរួមជីវភាពនយោបាយជាមួយក្រុមអាវលឿងម្នាក់ទៅចុះ ដែលថ្មីៗនេះ បានផ្ដល់បទសម្ភាសតាមទូរទស្សន៍ថៃ វាយតម្លៃខ្ពស់លើសម្ដេចតេជោ និងដាក់ពិន្ទុទាបលើលោក ថាក់ស៊ីន។ 

សួរត្រឡប់ទៅវិញ ក្រៅពីប្រជាជនខ្មែរ គឺមានតែអ្នកនយោបាយមួយក្ដាប់តូច ដែលកំពុងដឹកនាំប្រទេសថៃ តាមវិធីក្បត់សំឡេងម្ចាស់ឆ្នោត និងប្រជាជនថៃជ្រុលនិយមដ៏រញ៉េរញ៉ៃដូចសព្វថ្ងៃនេះឬ ដែលស្គាល់សម្ដេចតេជោ និង សម្ដេចធិបតី? ចុះមេដឹកនាំប្រទេស និងប្រជាជនក្នុងតំបន់ ក៏ដូចជាលើពិភពលោក ដ៏ធំទូលាយនេះ គេមិនស្គាល់សម្ដេចតេជោ គេមិនស្គាល់សម្ដេចធិបតី ទេឬយ៉ាងម៉េច? ច្បាស់ណាស់! មជ្ឈដ្ឋានអន្តរជាតិជាទូទៅ គេគ្មានវាសនាអាក្រក់ដូចអ្នកនយោបាយ និងប្រជាជនជ្រុលនិយមថៃ ដែលបណ្ដោយខ្លួនឱ្យក្លាយជាកង្កែបក្នុងអណ្ដូងនោះឡើយ។ 

តើជាការសុខចិត្តទទូរស្បែកសត្វសុនខ ដើរកាត់ភូមិក្រោមក្រសែភ្នែកសហគមន៍អន្តរជាតិ ដើម្បីបំប៉ោងខ្លួន បំភាន់ប្រជាជនឯងឬយ៉ាងណា? ទើបបានជាម្ដងហើយម្ដងទៀត មេដឹកនាំនយោបាយថៃ មិនថាផ្លូវការ ឬស្ដីទី រួមទាំងមេយោធាងប់សង្គ្រាមផងនោះ បានដើរនិយាយប្រើភាសាយកជាការពុំបាន និងថែមទាំងជ្រុលហួសលើសកម្រិតភាសាការទូត ហួសព្រំដែននៃបញ្ហា ហួសពីច្បាប់និងនិយាមអន្តរជាតិ រាល់ពេលពួកគេ អត្ថាធិប្បាយប្រធានបទពាក់ព័ន្ធនឹងប្រទេសកម្ពុជា។ 

ជាក់ស្ដែងណាស់ សម្ដេចតេជោ ហ៊ុន សែន ក៏មិនខុសពីជនរួមជាតិខ្មែរទូទាំងប្រទេសដែរ។ សម្ដេច បានបង្ហាញការហួសចិត្តចំពោះនាយករដ្ឋមន្ត្រីស្ដីទីថៃ ដែលបាននិយាយប្រាប់ក្រុមអ្នកកាសែត អំពីកិច្ចខិតខំប្រឹងប្រែងដ៏វង្វេងវង្វាន់របស់ខ្លួន ដើម្បីប្រើវិធានការច្បាប់ មកលើ សម្ដេចតេជោ និងសម្ដេចធិបតី។ តាមរយៈទំព័រហ្វេសប៊ុកសម្ដេចតេជោ បានសរសេរបញ្ជាក់ថា ប្រសិនបើការចុះផ្សាយរបស់កាសែត ជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទី ជិតផុតអាណត្តិនោះ វាជាការបង្ហាញឱ្យឃើញថា នាយករដ្ឋមន្ត្រីបណ្ដោះអាសន្នរូបនេះ ជា”មនុស្សព្រៃ ជាអ្នកនយោបាយមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ ហើយថែមទាំងមិនចេះការទូតទៀតផង”។

តើនាយករដ្ឋមន្ត្រីស្ដីទីថៃរូបនោះ យកមុខទៅទុកឯណា? តើប្រជាជនថៃជ្រុលនិយម ដែលគាំទ្រសម្ដីមេដឹកនាំឡើងបុណ្យតាមខ្យល់គ្មានទិសរូបនេះ យកមុខទៅទុកឯណា? បើយុវជន ប្រជាជន បញ្ញវន្តថៃ ផ្សេងទៀត ដែលមានការយល់ដឹង និងថ្លៃថ្នូរ យកខ្លឹមសារបង្ហោះរបស់ សម្ដេចតេជោ ទៅចោទសួរ? គឺខ្លឹមសារដែល សម្ដេច លោកបានសរសេរឆ្លើយតបងាយៗថា”ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជា ក៏អាចចាប់មេដឹកនាំថៃមួយចំនួន ដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អ ឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញ ក្រោយកិច្ចព្រមព្រៀងឈប់បាញ់?”។ នេះមិនទាន់គិតពីការកើតអារម្មណ៍ជ្រេញ និងការសើចចំអកពីសំណាក់មេដឹកនាំក្នុងតំបន់ និងពិភពលោក ចំពោះសម្ដី និងឥរិយាបថចម្លែកៗបែបមិនថ្លៃថ្នូររបស់មេដឹកនាំថៃនោះផង។

ជាថ្មីម្ដងទៀត! ខ្ញុំនៅតែផ្ដល់តម្លៃខ្ពស់ចំពោះពាក្យមួយឃ្លាថា”ខ្មែរក្រជាងថៃ តែខ្មែរថ្លៃថ្នូរជាងថៃ!” ខ្ញុំក៏សូមយកឱកាស បញ្ជាក់ក្នុងនាមជាកូនខ្មែរ គឺរូបខ្ញុំ ក៏មិនខុសពីប្រជាជនកម្ពុជា ក្មេងចាស់ ប្រុសស្រី ទាំងក្នុង និងក្រៅប្រទេសផ្សេងទៀតដែរ ពួកយើង មានស្មារតីរួបរួមសាមគ្គីក្នុងនាមជាខ្មែរយ៉ាងរឹងមាំល្អណាស់! ពួកយើង បាននិងកំពុងគោរព និងអនុវត្តគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល គោលនយោបាយរបស់គណបក្ស យ៉ាងម៉ឹងម៉ាត់ និងប្រកបដោយវិន័យខ្ពស់! ពោលគឺពួកយើង គ្មានថ្ងៃឱ្យស្មារតីជាតិ និងក៏គ្មានថ្ងៃបណ្ដែតបណ្ដោយឱ្យការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សរបស់យើង មានភាពរញ៉េរញ៉ៃ នាំឱ្យអាប់ឱនដល់កិត្តិយសជាតិ យុវជន ប្រជាជន និងបញ្ញវន្តកម្ពុជាដូចថៃ នោះឡើយ។ 

ពួកយើងជាកូនចៅជំនាន់ក្រោយ របស់ដូនតាអ្នកសាងអង្គរ! 

ពួកយើងជាអ្នកជំនាន់ក្រោយនៃដូនតាដែលកកើតលើដែនដីសុវណ្ណភូមិ! 

ពួកយើងជាអ្នកជំនាន់ក្រោយរបស់មេដឹកនាំដែលរំដោះ និងកសាងជាតិពីបាតដៃទទេ រហូតឈរប្រកបដោយកិត្តិយសលើឆាកអន្តរជាតិ! 

ពួកយើងគោរពគាំទ្រសម្ដេចតេជោ អគ្គមគ្គុទេសក៏នយោបាយឈ្នះ-ឈ្នះកម្ពុជា! សម្ដេចធិបតី អគ្គប្រតិបត្តិករនយោបាយកម្ពុជា!