តើហេតុអ្វីបានជារាជរដ្ឋាភិបាល ត្រូវពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីសង់ព្រែកជីកហ្វូណនតេជោឱ្យខាងតែបាន?

លោកបណ្ឌិត ឥន សុផល សាស្រ្តាចារ្យ និងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ បានលើកឡើងផ្លូវពាណិជ្ជកម្មកម្ពុជា នោះគឺគម្រោងព្រែកជីក ហ្វូណនតេជោ ដែលរាជរដ្ឋាភិបាល ត្រូវពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីសង់ព្រែកជីកហ្វ៊ូណនតេជោឱ្យខាងតែបាន។

តើហេតុអ្វីបានជារាជរដ្ឋាភិបាល ត្រូវពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីសង់ព្រែកជីកហ្វ៊ូណនតេជោឱ្យខាងតែបាន? លោកបណ្ឌិតបានបកស្រាយថា ដោយសារកម្ពុជាត្រូវឆ្លងកាត់ទន្លេមេគង្គក្រោម នៅក្នុងទឹកដីវៀតណាម ដែលក្នុងសម័យសង្គ្រាម វៀតណាមខាងត្បូងបានបិទទន្លេមេគង្គទាំងស្រុងមិនឱ្យនាវាចេញចូលមកកម្ពុជាបានទេ ដោយសារខឹងកម្ពុជាផ្តល់ជម្រកឱ្យពួកវៀតកុង។

បច្ចុប្បន្ននៅតែជាបញ្ហាសម្រាប់កម្ពុជា ដោយសារត្រូវតែផ្ទេរទំនិញនៅកំពង់ផែហូជីមិញ មុននឹងដឹកចូលមកកំពង់ផែភ្នំពេញ ព្រោះវៀតណាមបានសាងសង់ស្ពានមីថូ (មើលក្នុងផែនទី)ឆ្លងកាត់ទន្លេមេគង្គ។ ស្ពាននេះបង្កឧបសគ្គដល់កំពង់ផែភ្នំពេញត្រង់ថា នៅរដូវទឹកស្រកនាវាខ្នាតធំអន្តរជាតិចូលមកកំពង់ផែភ្នំពេញអត់រួចដោយសារទឹកទន្លេរាក់ពេក។ នៅពេលរដូវទឹកឡើងទឹកមានជម្រៅជ្រៅ តែនាវានៅតែមិនអាចចូលមកកំពង់ផែភ្នំពេញបាន ដោយសារនាវាខ្នាតអន្តរជាតិខ្ពស់ជាងស្ពានមីថូ ។

ដូច្នេះទំនិញរបស់កម្ពុជា ត្រូវតែផ្ទេរមកនាវាខ្នាតតូចៗដើម្បីឆ្លងកាត់មកកំពង់ផែភ្នំពេញ។ នេះជាបញ្ហា ដែលត្រូវចំណាយថ្លៃដឹកជញ្ជូនផង ថ្លៃស្តុកទុកផង ថ្លៃលើកដាក់ផង និងនីតិវិធីយូរផង ធ្វើឱ្យផលិតផលរបស់កម្ពុជា មានតម្លៃខ្ពស់ ពិបាកប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ។

ចុះកម្ពុជាម៉េចមិនដឹកទំនិញចេញពីកំពង់ផែក្រុងព្រះសីហនុតែម្តងទៅ? ត្រង់ចំណុចនេះ លោកបណ្ឌិតបានពន្យល់ថា ការដឹកផលិតផលពីខេត្តនានាទៅកំពង់ផែក្រុងព្រះសីហនុចម្ងាយជិត៣០០គម. ចំណាយថ្លៃដឹកជញ្ជូនតាមផ្លូវគោកខ្ពស់ផង ខូចផ្លូវថ្នល់ដែលរដ្ឋាភិបាលត្រូវចំណាយថវិកាជួសជុលជាច្រើនក្នុងមួយឆ្នាំៗ។ ចំពោះកំពង់ផែក្រុងព្រះសីហនុ ពុំអាចឱ្យនាវាខ្នាតអន្តរជាតិធំៗចូលបានទេ ដូច្នេះទំនិញមួយចំនួន ដែលត្រូវដឹកទៅអឺរ៉ុប និងអាម៉េរិក ត្រូវទៅផ្ទេរនៅកំពង់ផែហូជីមិញ កំពង់ផែសិង្ហបុរី និងកំពង់ផែឥណ្ឌនេស៊ីដដែល។ កម្ពុជាអាចដឹកបានទៅឥណ្ឌា, ចិន និងកូរ៉េដោយពុំចាំបាច់ផ្ទេរ។ ដោយសារបញ្ហានេះ ទើបមានអ្នកវិនិយោគទុន ដែលផលិតផលរបស់គេត្រូវនាំទៅអាម៉េរិក និងអឺរ៉ុប គេទៅសង់រោងចក្រនៅខេត្តស្វាយរៀង រួចដឹកពីបាវិតទៅកំពង់ផែហូជីមិញ មានចម្ងាយតែជាង៧០គម.ប៉ុណ្ណោះ។

អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយរូបនេះ បានបន្តថា នៅពេលព្រែកជីកហ្វ៊ូណនតេជោត្រូវបានបញ្ចប់ ផលិតផលក្នុងស្រុកទាំងអស់ត្រូវដឹកជញ្ជូនតាមផ្លូវទឹក មានតម្លៃទាប មិនខូចផ្លូវ ហើយកំពង់ផែក្រុងព្រះសីហនុ ត្រូវពង្រីកដំណាក់កាលទី៣ គឺអាចឱ្យនាវាខ្នាតអន្តរជាតិធំៗចូលបាន ពេលនោះហើយដែលកម្ពុជា មានឯករាជ្យពេញលេញលើការដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅជុំវិញពិភពលោក ដោយពុំចាំបាច់ឆ្លងកាត់ប្រទេសទី៣។

«សូមកុំមើលស្រាលរាជរដ្ឋាភិបាលថាអត់លុយសាងសង់ព្រែកជីកហ្វ៊ូណនតេជោ គ្រាន់តែ១.២ពាន់លានដុល្លារប៉ុណ្ណោះ រាជរដ្ឋាភិបាលមានថវិកាបម្រុងអាចសាងសង់ព្រែកជីកបានដល់ទៅ២០ក៏មិនខ្វះថវិកាដែរ។ សូមបញ្ជាក់ថា នាវាកម្ពុជាដែលដឹកជញ្ជូនតាមព្រែកជីកហ្វ៊ូណនតេជោ ទៅដល់សមុទ្រខ្មែរនៅខេត្តកំពត គឺឆ្ពោះទៅកំពង់ផែក្រុងព្រះសីហនុ រួចចេញទៅសមុទ្រអន្តរជាតិតាមឈូងសមុទ្រសៀម(មើលក្នងផែនទី) ឆ្លងកាត់ច្រកសិង្ហបុរី អត់មានទៅឆ្លងកាត់ខេត្តហាទៀងរបស់វៀតណាមទេ។ ម្យ៉ាងវិញទៀតដែនទឹកដែលនៅជុំវិញកោះត្រល់ប្រមាណជា៣០គម.គឺជាតំបន់ទឹករាក់កប៉ាល់ល្មមៗមិនអាចឆ្លងកាត់បានទេ រួមទាំងកប៉ាល់របស់វៀតណាម»។ នេះជាការលើកឡើងបន្ថែមពីសំណាក់លោកបណ្ឌិត ឥន សុផល។

សូមជម្របថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់កម្ពុជា តម្លៃប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិក នឹងដាក់គ្រឿងចក្រជីក និងស្តារនៅចុងខែវិច្ឆិកា ឬដើមខែធ្នូ ខាងមុខ។ គម្រោងដ៏សំខាន់ជាប្រវត្តិសាស្ត្រនេះ ត្រូវបានអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា នឹងដំណើរការទៅមុខ និងមិនមានឧបសគ្គអ្វីត្រូវរាំងស្ទះនោះទេ៕