ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារដល់កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារដល់កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចក្នុងការបំពេញភារកិច្ច ប្រកបដោយ មនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសមិទ្ធផលជាតិ លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្តីភាព។

ក្នុងសារសារលិខិតជូនពរផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិតក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះកិច្ច ខិតខំប្រឹងប្រែងមិនចេះនឿយហត់ ប្រកបដោយឆន្ទៈ និងមនសិការស្នេហាជាតិដ៏ឧត្ដុង្គឧត្តមរបស់កងកម្លាំង នគរបាលជាតិ ក្នុងការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់ បទដ្ឋានគតិយុត្ត ក៏ដូចជាគោលនយោបាយ យុទ្ធសាស្ត្រសំខាន់ៗ គោលការណ៍ បទបញ្ជា និងវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឆ្នាំ២០២៥ ក៏ដូចជាបណ្ដាឆ្នាំខាងមុខ សភាពការណ៍សកលលោកនៅតែបន្តស្ថិតក្នុងស្ថានភាព ស្មុគស្មាញ ប្រែប្រួលមិនអាចប៉ាន់ស្មានបាន អាស្រ័យដោយកត្តាសកម្មភាពប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងឧត្តមភាពយោធារបស់មហាអំណាច ការធ្វើសង្គ្រាម ជម្លោះជនជាតិ សាសនានៅតាមតំបន់ជាច្រើន ទន្ទឹម នឹងការកើនឡើងនូវសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសបច្ចេកវិទ្យា ពិតជាបង្កផលប៉ះពាល់ ទោះតិច ឬច្រើនដល់កម្ពុជា។

ដោយឡែកនៅក្នុងប្រទេស យើងមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មាតុភូមិកម្ពុជានឹងបន្តបោះជំហានរីកចម្រើន យ៉ាងរឹងមាំ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ស្ថានភាពសង្គមនឹងមានការ ប្រសើរថែមទៀតលើគ្រប់វិស័យ។

«ក៏ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងនៅមានបញ្ហាសេសសល់ និងបញ្ហាប្រឈម មួយចំនួនដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ខឿនសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ជាពិសេសឧបាយកលពិសពុលរបស់មជ្ឈដ្ឋានប្រឆាំង ដែលនៅតែចិញ្ចឹមមហិច្ឆតាផ្ដួលរំលំ រាជរដ្ឋាភិបាលតាមរបៀបបដិវត្តពណ៌ សកម្មភាពបទល្មើសលួច ឆក់ ប្លន់ ការចរាចរ ជួញដូរគ្រឿងញៀន ខុសច្បាប់ ការជួញដូរមនុស្ស ពិសេសការលេចឡើងនូវសកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធើណេត។ល។ដែលបញ្ហាទាំងនេះទាក់ទងសំខាន់ចំពោះតួនាទីភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ។ ដូចនេះកងកម្លាំង នគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចក្នុងការបំពេញភារកិច្ច ប្រកបដោយ មនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសមិទ្ធផលជាតិ លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្តីភាព»។

នេះបើតាមសាររបស់ឧបនាយករដ្ឋមន្ត្រី ស សុខា ជាមួយនឹងសេចក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កងកម្លាំង នគរបាលជាតិទាំងអស់នឹងបន្តអភិវឌ្ឍខ្លួន អភិវឌ្ឍអង្គភាព និងពង្រឹងការដឹកនាំ គ្រប់គ្រងឱ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត ពិសេសការបន្តអនុវត្តកំណែទម្រង់ និងការលើកកម្ពស់គុណធម៌ សីលធម៌ សមត្ថភាព ប្រតិបត្តិការ ដើម្បីសម្រេចនូវបេសកកម្មដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងនាមជាសេវាករបម្រើប្រជាពលរដ្ឋ និងជាបង្អែកយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ៕