ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានអំពាវដល់ប្រជាជនកម្ពុជាគ្រប់រូប ត្រូវបន្តរក្សាស្មារតីអត់ធ្មត់ និងជឿជាក់លេីរាជរដ្ឋាភិបាល ដើម្បីយកឈ្នះនឹងយុទ្ធសាស្ត្របំបែកបំបាក់គ្រប់រូបភាពរបស់ប្រទេសឈ្លានពានកម្ពុជា។
ក្នុងសំណេរលើបណ្តាញសង្គម ឯកឧត្តម គួច វែងស្រ៊ុន បានរៀបរាប់ថា ប្រជាជនកម្ពុជាមួយភាគធំ និងបណ្តាញសង្គមពេលនេះ ដែលកំពុងជជែកច្រេីនលេីប្រធានបទក្តៅ ក្រោយអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ខណៈដែលសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិតបានកំពុងបំពេញការងារទាំងថ្ងៃទាំងយប់សឹងតែគ្មានពេលសម្រាកសោះឡេីយ។
ឯកឧត្តម គួច វែងស្រ៊ុន គូសរំលេចថា ស្ត្រីទី១កម្ពុជាបានយកចិត្តទុកដាក់ជាប្រចាំ ចំពោះវីរកងទ័ពទាំងពលី កំពុងសម្រាកព្យាបាល ព្រមទាំងជនភៀសសឹក ហេីយនឹងកិច្ចការមនុស្សធម៌ជាច្រេីន។ស្របជាមួយនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងមមាញឹកមួយរយលានជំពូកលេីកិច្ចការជាតិ កិច្ចការទូត កិច្ចការធានាឈានទៅសម្រេចសន្តិភាពពេញលេញ កិច្ចការស្តារឡេីងវិញ និងព្យាយាមគ្រប់បែបយ៉ាងដេីម្បីការពារជីវិត កងទ័ព ជនស៉ីវិល និងដំណេីរការប្រក្រតីភាពនៃប្រទេសទាំងមូល។
ឯកឧត្តម បានបន្តថា មិនខុសទេប្រជាជនខ្មែរគ្រប់រូបមានសិទ្ធិបារម្ភ យកចិត្តទុកដាក់ គិតគូរ លើរឿងប្រទេសជាតិ តែក៏សូមមេត្តាទុកពេលជូន រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ដែលកំពុងមមាញឹកយ៉ាងខ្លាំងគ្មានឈប់ឈរទៅតាមនីតិវិធី ច្បាប់ និងគ្រប់យន្តការតាមដែលអាចធ្វេីទៅបាន។ សូមប្រជាជនខ្មែរគ្រប់រូបមេត្តាចងចាំថា ចោរបេីគេតាំងចិត្តលួចយេីង គេតាមយាយី រៀបចំផែនការសកម្មភាព និងមិនដែលទុកឱ្យយេីងរស់បានស្រួលមួយថ្ងៃមួយនាទីណាឡេីយ ពិសេសគ្រប់មធ្យោបាយ។
បន្ថែមលើនេះ យុទ្ធសាស្ត្របំបែកបំបាក់ សាមគ្គី ការជឿជាក់ តាមរយ:កម្រងរូបភាពដ៏ឈឺចាប់ជាច្រេីនដែលបងប្អូនកំពុងឃេីញ គេកំពុងធ្វេី គឺបានចាប់ផ្តេីមរុញឱ្យបងប្អូនយេីងមានមន្ទិលសង្ស័យ ពិតដូចពិត មិនពិតដូចពិត រួចបង្កេីនចិត្តរួញរា យកការឈឺចាប់មកផ្អាកការជឿ យកភាពគគ្លេីនមករុញបងប្អូនចាកឆ្ងាយពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ។ ទាំងនេះ គឺជាចេតនាយ៉ាងជាក់ស្តែងដែលបងប្អូនបានឃេីញ ហេីយក៏បានរួមគ្នាពេលគេធ្វេីទាំងមុនសង្គ្រាម កំឡុងសង្គ្រាម ពិសេសពេលនេះតែម្តង។
យន្តការច្បាប់ និងអន្តរជាតិយេីងបានធ្វេី កំពុងធ្វេី តែលទ្ធផលមិនមែនត្រឹមប៉ុន្មានថ្ងៃសម្រេចចេញរូបរាងនោះទេ ពិភពលោកពេលនេះ កំពុងស្ថិតក្នុងចលាចល សង្គ្រាមទាំងពីរលេីក គឺបានបង្រៀនច្រេីនសមល្មម ដែលត្រូវច្បាស់ថា គ្មាននរណាមកជួយយេីងជាងយេីងរួមគ្នាជាធ្លុងមួយជានិច្ច និងគ្រប់ពេលនោះទេ ពិសេសស្ថិតក្នុងដំណាក់កាលដ៏មហាលំបាកថ្ងៃនេះ។
យេីងមិនត្រឹមតែកំពុងស្ថិតក្នុងអន្តរកាលនៃសង្គ្រាម តែយេីងក៏កំពុងប្រឈមនឹងសេដ្ឋកិច្ច ដំណេីរការនៃជីវភាពប្រជាជនទូទាំងប្រទេស ដែលនឹងត្រូវខិតខំរួមគ្នាចាប់ផ្តេីមរស់នឹងបរិបទថ្មី ការពង្រឹងចលនាជាតិនិយម លេីកកម្ពស់ផលិតផលជាតិ ពង្រឹងគុណភាពដេីម្បីធានាការប្រកួតប្រជែងជាដេីម។
ទន្ទឹមគ្នានេះ ឯកឧត្តម ក៏សូមអំពាវនាវឲ្យប្រជាជនខ្មែរគ្រប់រូបរក្សាបានស្មារតីជាតិនិយម ស្មារតីខ្មែរតែមួយ អត់ធ្មត់ ទ្រាំ សាមគ្គី និងជឿជាក់លេីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ពិសេសវីរភាពនៃសាច់ស្រស់ឈាមស្រស់របស់វីរកងទ័ពយេីង ដែលបានពលី និងលះបង់ដេីម្បីបុព្វេហេតុជូនជាតិ និងប្រជាជនដ៏កម្សត់របស់យេីង។

