លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍ កាកបាទក្រហមកម្ពុជា ថ្លែងថា ប្រមាណ២៧ឆ្នាំមកនេះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន សម្រេចការងារបានជោគជ័យជាច្រើនអនេក ដែលក្លាយខ្លួនជាស្ថាប័នមានម្ចាស់ការហរិញវត្ថុ បំពេញការងារស្របតាមស្តង់ដារអន្តរជាតិ មានផែនការជាក់លាក់ ជាសមាគមជាតិដែលមានការគ្រប់គ្រងល្អ ការដឹកនាំ តម្លាភាព និងមានការទទួលខុសត្រូវ។ លោកជំទាវស្ត្រីទី១នៅកម្ពុជា ថ្លែងដូច្នេះ តាមរយៈវីដេអូ អបអរសាទរ ខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្លែងដូច្នេះ៖«ចាប់តាំងពីឆ្នាំ១៩៩៨ រៀងមក ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាកបាទក្រហមកម្ពុជា សម្រេចបាននូវលទ្ធផលជាច្រើនគួរជាទីមោទនៈ ដោយបានប្រែក្លាយខ្លួនជាស្ថាប័នមានភាពម្ចាស់ការហិរញ្ញវត្ថុ អនុវត្តការងារស្របតាមលក្ខន្តិកៈ នៃស្តង់ដារអន្តរជាតិ និងផែនការយុទ្ធសាស្ត្រ ជាសមាគមជាតិដែលមានអភិបាលកិច្ចល្អ ការដឹកនាំ និងការគ្រប់គ្រងប្រកបដោយតម្លាភាព និងគណនេយ្យភាព។ »។
លោកជំទាវបណ្ឌិត អនុប្រធានអចិន្រ្តៃយ៍ កាកបាទក្រហមកម្ពុជា អះអាងថា រយៈពេល៧ទស្សវត្សរ៍កន្លងមកនេះ កាកបាទក្រហមកម្ពុជា ក្នុងនាមជាស្ថាប័នមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា បានបំពេញតួនាទីជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ឆ្លើយតបនៅនឹងបញ្ហាប្រឈមនានាព នៅក្នុងគ្រប់ស្ថានភាព នៃការផ្លាស់ប្ដូរថ្មីៗរបស់ប្រទេសជាតិ និងពិភពលោកមានជាអាទិ៍ ការកសាង និងអភិវឌ្ឍប្រទេស ក្រោយទទួលបានឯករាជ្យ ការផ្លាស់ប្ដូររបបនយោបាយ សង្គ្រាមស៊ីវិល ជម្លោះប្រដាប់អាវុធ គ្រោះមហន្តរាយ គ្រោះនៃជំងឺឆ្លងរាតត្បាត ផលប៉ះពាល់នៃវិបត្តសកលនានា។
លោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត ឱ្យដឹងថា អស់រយៈពេលប្រមាណជាង៧០ឆ្នាំមកនេះ អ្នកដែលទទួលផងជាមុខសញ្ញាជនរងគ្រោះ និងងាយរងគ្រោះ ជារួមមានរហូតដល់២,៦៨២,៦០៤ គ្រួសារ។ បើតាមលោកជំទាវ ចំនួនអ្នកទទួលផលនេះ ប្រាកដជាមានទំហំធំជាងនេះ ប្រសិនបើរាប់បញ្ជូលក្រុមគ្រួសារដែលរងហានិភ័យក្នុងប្រភេទផ្សេងៗទៀត។
លោកជំទាវបណ្ឌិត ថ្លែងបន្តថា ជាមួយនឹងសមត្ថភាពស្ថាប័នរឹងមាំ កាកបាទក្រហមកម្ពុជា អនុវត្តបានយ៉ាងខ្ជាប់ខ្ជួនក្នុងប្រតិបត្តិការមនុស្សធម៌គ្របដណ្ដប់លើវិស័យអាទិភាពចំនួន៤ នៃយុទ្ធសាស្ត្ររបស់ខ្លួន រួមមានទី១/ ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ។ ទី២/ សុខភាព និងការថែទាំសុខភាពតាមសហគមន៍។ ទី៣/ ការលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ និងសុខមាលភាពសង្គម និងទី៤/ ការអភិវឌ្ឍស្ថាប័ន។
បច្ចុប្បន្ននេះ កម្លាំងប្រតិបត្តិករជួរមុខដ៏រឹងមាំរបស់កាកបាទក្រហមកម្ពុជា ដែលមានមន្ត្រីបុគ្គលិក៣៥៣នាក់នៅទូទាំង២៥ រាជធានីខេត្ត ជាមួយអនុសាខាចំនួន២០៩ នៅតាមខណ្ឌ/ស្រុក អ្នកស្ម័គ្រចិត្តជាង២ម៉ឺននាក់នៅតាមភូមិ និងយុវជនកាកបាទក្រហមជិត៣ម៉ឺននាក់ តាមគ្រឹះស្ថានសិក្សា កំពុងបំពេញភារកិច្ចយ៉ាងសកម្មដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមទិសស្លោកដ៏ថ្លៃថ្លា«ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។
ជាមួយនឹងសមិទ្ធផលសម្រចបានគួរជាទីមោទនៈរបស់កាកបាទក្រហមកម្ពុជា ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រុមគ្រួសារទទួលផលពីកាកបាទក្រហមកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី សូមក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណា ព្រះមាហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលតែងតែប្រោសព្រះរាជទានព្រះរាជទ្រព្យជាប្រចាំជូនកាកបាទក្រហមកម្ពុជា។
លោកជំទាវបណ្ឌិត អរគុណចំពោះសម្ដេច លោក លោកស្រី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសប្បុរសជន ដែលតែងតែស្ម័គ្រចិត្តជាប់ជាប្រចាំឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាទាំងហិរញ្ញវត្ថុ សម្ភារៈ និងកម្លាំង តាមស្មារតីនៃវប្បធម៌ចែករំលែក សាមគ្គីភាព និងជាការផ្សាភ្ជាប់គ្នារវាងអ្នកមានលទ្ធភាព និងអ្នកដែលកំពុងត្រូវការជំនួយជាចាំបាច់ ព្រមទាំងចូលរួមសម្រាលទុក្ខលំបាករបស់សមាគមជាតិនានាដែលជួបគ្រោះភ័យផង និងបានចូលរួមលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋរងគ្រោះ និងសុខមាលភាពសង្គមផង។
ឆ្លើយតបទៅនឹងការទទួលបានផលជាវិជ្ជមាន ដែលកើតឡើងពីសាមគ្គីភាព និងភាតរភាព ដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិកំពុងសាទរនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គិតថា ការចូលរួមវិភាគទានដ៏បរិសុទ្ធជាប់ជាប្រចាំរបស់សម្ដេច លោក លោកស្រី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសប្បុរសជនគ្រប់ទិសទី នឹងបន្តចូលរួមចំណែកក្នុងបុព្វហេតុមនុស្សធម៌ ជាពិសេសការចូលរួមចំណែកដល់ការអភិវឌ្ឍជាតិមាតុភូមិកម្ពុជានៃយើង ឈានដល់ទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈរួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ៕







