ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងនាមជាប្រធាន យុវជនយុវជនបូជាការពារយុត្តិធម៌ បានកៀរគរសប្បុរសជន អ្នកប្រកបអាជីវកម្មនិងអ្នករួមការងារជាមួយគ្នា បានថវិកា ចំនួន ១លាន៤សែនដុល្លារអាមេរិក ដើម្បីយកមកបរិច្ចាគជូនកាកបាទក្រហមកម្ពុជា។
ជារៀងរាល់ឆ្នាំ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ព្រមទាំងសប្បុរសជននៅទូទាំងប្រទេស តែងតែចូលរួមឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជា ដើម្បីបម្រើដល់បេសកកម្មមនុស្សនៅក្នុងប្រទេស។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ក៏បានអញ្ជើញដឹកនាំក្រុមយុវជនយុវជនបូជាការពារយុត្តិធម៌ ចូលរួមក្នុងពិធីសំណេះសំណាល និងទទួលថវិកាពីសប្បុរសជន ដើម្បីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះចំពោះ ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែផ្ដល់ការគាំទ្រទាំងស្មារតី សម្ភារៈ និងមូលនិធិ ដែលបានរួមចំណែកក្នុងការជំរុញឱ្យកាកបាទក្រហមកម្ពុជា អាចបំពេញតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌បានយ៉ាងស័ក្តិសម ហើយជាបន្តបន្ទាប់អាចរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៕

