នៅក្នុងបរិបទដែលមានការរីករាលដាលឡើងវិញនៃជំងឺឆ្លង និងគ្រោះធម្មជាតិផ្សេងៗ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានចាត់វិធានការជាច្រើន ដើម្បីរៀបចំទីតាំងបន្ទាន់សម្រាប់ទទួលសម្ភារៈ និងអ្នកជំងឺ ប្រសិនបើមានការផ្ទុះនៃជំងឺ ឬគ្រោះធម្មជាតិក្នុងពេលខាងមុខ។

ការត្រៀមលក្ខណ:ជាមុននេះ គឺជាចំណែកមួយក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិ និងការពារ សុខភាពសាធារណៈ។ ការរៀបចំទីតាំង និងសម្ភារៈនេះ គ្រាន់តែជាវិធានការទុកមុន ប៉ុណ្ណោះ ដោយមិនមានស្ថានភាពគ្រោះថ្នាក់ក្នុងពេលបច្ចុប្បន្នឡើយ។
ថ្នាក់ដឹកនាំមន្ទីរពេទ្យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តការរក្សាអនាម័យផ្ទាល់ខ្លួន ការពារសុខភាពខ្លួន និងគ្រួសារ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមការពារប្រទេសជាតិពីការរីករាលដាលនៃជំងឺឆ្លងនានា។
មន្ទីរពេទ្យជាតិ តេជោសន្តិភាព (Techo Santepheap National Hospital) គឺជាមន្ទីរពេទ្យធំបំផុតនៅកម្ពុជា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីសាងសង់រយៈពេលជិតពីរឆ្នាំ។
សូមជម្រាបថា កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៦ករណីឆ្លងក្នុងសហគមន៍ ខណ:កូវីដ១៩ អូមីក្រុងបំប្លែងថ្មីប្រភេទជេអុិន១ (JN.1) បានរាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោកផងដែរ៕





