ក្នុងជំនួបអាហារពេលព្រឹក! ប្រមុខរដ្ឋាភិបាល កម្ពុជា-ឡាវ-វៀតណាម ពិភាក្សាគ្នា លើការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត​លើវិស័យសក្ដា​នុពល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបពិសារអាហារ​​ពេលព្រឹកការងារ ជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ផាម មិញ ជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។

ក្នុងជំនួបអាហារពេលព្រឹកការងារ, នាយករដ្ឋមន្ត្រីទាំងបី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។

ជាមួយគ្នានេះ, ប្រមុខរដ្ឋាភិបាលទាំងបី បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសក្ដានុពលជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ថាមពល (អគ្គិសនី), ទេសចរណ៍ ព្រមទាំងសន្តិសុខ និងការពារជាតិ ។ ប្រមុខរាជរដ្ឋាភិបាលទាំងបី ក៏បានផ្លាស់ប្ដូរមតិយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ។

គួរបញ្ជាក់ថា ជាទម្លាប់នៅរាល់ពេលមានកិច្ចប្រជុំកំពូលអាស៊ានថ្នាក់ដឹកនាំនៃប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ តែងតែមានជំនួបអាហារពេលព្រឹកការងារ ហើយក៏បានជជែកពិភាក្សាគ្នា លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ៕