ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វផ្លូវជាតិលេខ២ ព្រំប្រទល់ រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល បានឈានដល់ការធ្វើពិធីតភ្ជាប់តួស្ពានហើយ។ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត ត្រង់ព្រំប្រទល់ រាជធានីភ្នំពេញ និងខេត្តកណ្តាល ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ គល់ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងមូលសម្រេច បានប្រមាណ៨៥ភាគរយហើយ ក្នុងនោះស្ពានអាកាសដែលមានទិសដៅពីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នឹងរួចរាល់នៅចុងខែមិថុនានេះ។ ចំណែកស្ពានអាកាស ដែលមានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ មកភ្នំពេញវិញ នឹងរួចរាល់នៅចុងខែកក្កដាឆ្នាំ២០២៥ខាងមុខ។
សូមបញ្ជាក់ថា ស្ពានអាកាសនេះ បានបើកការដា្ឋនសាងសង់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយរាជរដ្ឋាភិបាលជាម្ចាស់គម្រោង តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន ១៦,២០០,៥០០ ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។
ស្ពានអាកាសភ្លោះនេះ ជាប្រភេទបេតុងអាមេ (ធ្នឹមរាងអក្សរ I ) មានបណ្ដោយ ស្ពាន៦២២ម៉ែត្រ ក្នុងនោះ៖
ស្ពានទី១៖ ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ
ស្ពានទី២៖ ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន។ ទម្ងន់ផ្ទុកអនុញ្ញាត ២៥តោន កម្ពស់សុវត្ថិភាព៥.៥០ម៉ែត្រ។ មានគន្លងចរាចរណ៍ចំនួន៣ គន្លង ។ ទទឹងស្ពានប្រវែង៩.៥០ម៉ែត្រ។
កម្រាលស្ពានអ៊ុតកៅស៊ូ AC កម្រាស់ ០.១០ម៉ែត្រ បង្កាន់ដៃស្ពានសងខាងមានកម្ពស់១.២០ម៉ែត្រ មានបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវតាមបង្កាន់ដៃស្ពាន និងផ្លូវសងខាងស្ពាន។ មានប្រព័ន្ធលូសម្រាប់រំដោះទឹកនៅសងខាងផ្លូវ។ រវាងប្រឡោះស្ពានទី១ និងស្ពានទី២ មានគម្លាត៩.០០ម៉ែត្រ ដែលបានរចនាជាឧទ្យានបៃតង ជាមួយនិងការរៀបចំផ្លាកសញ្ញាចរាចណ៍ផងដែរ៕






